បណ្តាញសង្គម

ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធាមន្ទីរ និង ប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធឡើង នៅរសៀល ថ្ងៃទី២៨ ខែ០៧ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម យុទ្ធ ភូថង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្ដត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

បន្ទាប់ពីពិធីប្រគល់ប្រកាស ស្ដីពីការតែងតាំងមន្ត្រីរាជការ ដល់មន្ត្រី ដែលបានតែងតាំងរួចមក លោក យូ តាំងហ៊ី អនុប្រធាន មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ដែលទើបតែងតាំងថ្មី ក៏ដូចជាតំណាងមន្ត្រី មន្ទីរកសិកម្មទាំងអស់ បានប្ដេជ្ញាចិត្តដូចតទៅ៖ ពង្រឹង និង រៀបចំខ្លួន ធ្វើជាសេនាធិការ ដ៏ល្អរបស់មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ សំដៅធ្វើយ៉ាងណាអោយ មន្ទីរកសិកម្ម មានតំណើរការ ប្រព្រឹត្តទៅដោយ លទ្ធផលជាផ្លែផ្កា និងធ្វើជាអ្នកផ្ដល់សេវា ដ៏ល្អជូប្រជាពលរដ្ឋ បង្កើនសមត្ថភាព និងផ្លាស់ប្ដូរ បទពិសោធន៍កាងារគ្នា ទៅវិញទៅមក ឲ្យសក្តសមជាមន្ត្រីរាជការ ស្របតាមកំណែរទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហការ ល្អជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ ដើម្បីកៀរគជំនួយ ទាំងថវិកា និង បច្ចេកទេស ជំរុញការ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្លើយតបនឹងតម្រូវការ ក្នុងប្រទេសក៏ដូចជា ក្នុងតំបន់ ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ និង ឯកឧត្ដម យុទ្ធ ភូថង មានប្រសាសន៍ថា ក្នុងរយៈពេលអន្តរកាល ដែលខេត្តត្បូងឃ្មុំ ទើបត្រូវបាន ប្រកាសបង្កើត និងដាក់ឲ្យតំណើរការ ជាផ្លូវការនាពេលថ្មីកន្លង់ទៅនេះ និងក្នុងស្ថានភាព ដែលគ្រប់មន្ទីរ អង្គភាព កំពុងមានការខ្វះខាត់ ទាំងទីកន្លែង សម្រាប់ធ្វើការ ទាំងឧបករណ៍ សម្ភារៈ បរិក្ខា និង ធនធានមនុស្សជាដើម ក្រៅពីការបំពេញតួនាទី ភារកិច្ចទទួលខុសត្រូវ ចំពោះ មុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ លើការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្តិភាពសង្គម ការងារលើកកម្ពស់ ជីវភាពរស់នៅ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការរៀបចំសាងសង់ ទីក្រុង និងទីរួមខេត្តត្បូងឃ្មុំ រួមទាំងតំបន់រដ្ឋបាល ប្រមូលផ្ដុំ នៅទីតាំង ចំការព្រៃម៉ៃសាក់ ឲ្យចេញជារូបរាង ពិតប្រាកដ និងប្រែក្លាយជា ទីក្រុងល្អ សម្រាប់ការរស់នៅ ល្អសម្រាប់ទស្សនា ល្អសម្រាប់ការ បំពេញការងារ និងប្រកបមុខរបរ ទៅតាមគំនូសប្លង់មេ ដែលបានអនុម័តរួចហើយ ដោយផ្ដោតលើចក្ខុវិស័យ សម្រាប់ការរៀបចំទាំង៤ រួមមាន ៖ ១. មជ្ឍមណ្ឌលប្រមូលផ្ដុំរបស់ រដ្ឋបាលខេត្ត ២. មជ្ឍមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៣. មជ្ឍមណ្ឌលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ៤. មជ្ឍមណ្ឌលអប់រំ និង បណុះបណ្ដាល ដើម្បីជម្រុញការងាររៀបចំ ទីរួមខេត្តថ្មីនេះ ឲ្យចេញដំណើរ និងទទួលបានលទ្ធផល ដោយជោគជ័យ ក្នុងរយៈពេលពីរ-បីឆ្នាំ ខាងមុខនេះ។

ឯកឧត្ដម គណៈអធិបតី បានផ្ដាំផ្ញើ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សូមយកចិត្តដាក់ក្នុងការ ពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង របៀបរបបធ្វើការ របបរាយការណ៍ ប្រសិទ្ធភាពការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរជាមួយ រដ្ឋបាលគ្រប់ថ្នាក់ សមត្តកិច្ចគ្រប់កំរិត មន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីបុព្វហេតុដ៏ធំធេង របស់ប្រទេសជាតិមាតុភូមិ និងនិយាយដោយឡែក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំទាំងមូល ឲ្យបានកាន់តែល្អប្រសើរ ៕