បណ្តាញសង្គម

ក្រោយបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំអាណត្តិទីមួយរួច ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្ត រំពឹងថាចរន្តពាណិជ្ជកម្មក្នុងខេត្ត នឹងមានសន្ទុះកាន់តែកើនឡើង

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី១ ដើម្បីជំរុញឲ្យចរន្តពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាន់តែមានសន្ទុះកើនឡើង ក៏ដូចជាសហការជាមួយបណ្តាខេត្តនានាទូទាំងប្រទេស ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្រោយសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងផងដែរ។

ក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ វិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រធានសភាពាណិជ្ជកម្ម ព្រមទាំងបេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត មន្ត្រីសាលាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាពទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំមានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រស័យ ស្របទៅនឹងស្ថានភាពខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។

ក្នុងកិច្ចប្រជុំបានកំណត់ពេលវេលាក្នុងការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី១ និងនីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅ បានរលូន។

ឯកឧត្តម ម៉ៅ ថូរ៉ា រំពឹងថា ក្រោយសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់ តែមានសន្ទុះទ្វេរឡើង ដែលផ្តល់លក្ខណ:ងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕