បណ្តាញសង្គម

កិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធាន ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការចំនួន៣៧រូប។

លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានអានសេចក្ដីសម្រេច ស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្ត ការបង្កើត និងការព្រឹត្តទៅ នៃ គណៈកម្មាធិការ លទ្ធកម្មរបស់រដ្ឋបាល ខេត្ត ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបប ធ្វើការងារជូនគណៈអភិបាលខេត្ត ការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំ រំកិលរបស់ខេត្ត ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការ ពីគ្រោះយោបល់ កិច្ចការស្រី្ត និងកុមាររបស់ ក្រុមប្រឹក្សាខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងផែនការ សកម្មភាពរយៈពេល៣(បី)ខែ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឡាន់ ឆន បានផ្ដាំផ្ញើ ចំពោះដល់សមាជិក សមាជិការ ក្រុមប្រឹក្សា អភិបាលខេត្ត អភិបាលរងខេត្ត និង មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង របៀបរបបធ្វើការ រាយការណ៍ ប្រសិទ្ធភាពការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរ រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីបុព្វហេតុដ៏ធំធេង របស់ប្រទេសជាតិមាតុភូមិ និងនិយាយ ដោយឡែក សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំទាំងមូល ឲ្យបានកាន់តែល្អប្រសើរ ៕