បណ្តាញសង្គម

៦ខែដើមឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាមចំនួន ១២១៤ករណី និងស្លាប់៣ករណី!! ថ្ងៃនេះ យុទ្ធនាការបង្ការជំងឺគ្រុនឈាម បន្តធ្វើនៅស្រុកក្រូចឆ្មារ បញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ ដែលទឹកជន់លិចផ្ទះ!!

ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ និងកាន់តែយល់ច្បាស់ ជាពិសេសស្របពេលដែល រដូវនេះជារដូវទឹកជន់ឡើងផងនោះ ទើបនាថ្ងៃទី០៦ ខែកញ្ញា

ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ តាមរយៈនាយកដ្ឋានសុខភាពកាកបាទក្រហម ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំយុទ្ធនាការស្តីពី <<ការបង្ការជំងឺគ្រុនឈាម>> ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្ការការរីករាលដាលជំងឺគ្រុនឈាម ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅវត្តកណ្តាល ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាស្រុកមួយកំពុងរងផលប៉ះពាល់ ដោយទឹកជន់លិចផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំប្រជាពលរដ្ឋ ដែលនឹងប្រឈមនឹងជំងឺគ្រុនឈាមផងដែរ។

យុទ្ធនាការនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខា លោក រស់ សាខន នាយកសាខាកាកបាទក្រហម និង ដោយមានអ្នកចូលរួមសរុបប្រមាណជា ៤០០នាក់។

លោក កែវ វណ្ណ: ឲ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង សបញ្ជាក់ឲ្យឃើញថា ជាការចូលរួមដ៏ធំធេងរបស់ស្ថាប័ន មនុស្សធម៌ ក្នុងការទប់ស្កាត់នៃការរាតត្បាតនៃជំងឺ ឆ្លងដ៍កាចសាហាវ ជាពិសេសជំងឺគ្រុនឈាមនេះតែម្តង ។

លោក កែវ វណ្ណ: លើកឡើងថា ជំងឺគ្រុនឈាមផ្ទុះឡើងក្នុងអំឡុងពេល ៥ទៅ៦ឆ្នាំម្តង ជុំវដ្តខ្លី ឬ១០ទៅ១២ឆ្នាំម្តង ជុំវដ្តវែង ដែលបណ្តាលមកពីកត្តាមួយចំនួនដែលជំរុញអោយកើតជំងឺគ្រុនឈាមដូចជា កត្តាអាកាសធាតុ, កក្តាសីតុណ្ហភាព , កក្តាទឹក និងកត្តាមនុស្ស។ លោក បញ្ជាក់ថា បើតាមប្រព័ន្ធព័ត៌មានដែលរាយការណ៍ប្រចាំថ្ងៃ គិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំមានជំងឺគ្រុនឈាមចំនួន ១២១៤ករណី និងស្លាប់៣ករណី ដោយក្នុងនោះ មន្ទីរសុខាភិបាលខេត្ត បានចុះធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ ដូចជាថ្ងៃនេះជាដើម។

ក្នុងរដូវទឹកឡើងនេះ លោក កែវ វណ្ណ: ក៍បានណែនាំដល់ពលរដ្ឋឲ្យត្រៀមលក្ខណ:សម្បត្តិមុនពេលទឹកឡើង ក្នុងពេលទឹកឡើង និងក្រោយពេលទឹកស្រកទៅវិញ ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងរស់នៅដោយ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងសម្រាន្តនៅក្នុងមុង ដើម្បីបញ្ចៀសពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺគ្រុនឈាម។

មួយវិញទៀត ទោះជានៅក្នុងកាលះទេសះណាក៏ដោយ ប្រសិនបើមានបញ្ហាសុខភាពសុំ ជាពិសេសមានគ្រុនក្តៅសន្ទំ ភ្លាមៗហើយមិនឆ្លើយតបទៅនឹងថ្នាំត្រជាក់ ដែលសង្ស័យថាជាជំងឺគ្រុនឈាម សូមប្រញាបន់នាំទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពណាដែលនៅជិតផ្ទះ ឲ្យបានឆាប់បំផុត។

ក្នុងយុទ្ធនាការបង្ការជំងឺគ្រុនឈាមនោះ ក៍មានផ្តល់រង្វាន់មុង សម្រាប់អ្នកឡើងឆ្លើយសំនួរពាក់ព័ន្ធជំងឺគ្រុនឈាម និងចែកអាវយឺតម្នាក់មួយ ដល់អ្នកចូលរួមទាំងអស់ និងធ្វើការដង្ហែរក្បួនតាមដងផ្លូវធារណៈ អមដោយឆៃយាំនាំមុខ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសផងដែរ៕