បណ្តាញសង្គម

រក្សាសុខរួមទុក្ខពលរដ្ឋ!! អភិបាលខេត្តត្បូងឃ្មុំ បន្តចុះនាំយកចែកអំណោយ ទៅចែកជូនពលរដ្ឋ២០១គ្រួសារបន្ថែម ក្រោយជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព

ក្នុងរយៈការទឹកជំនន់ទន្លេមេគង្គឡើងជន់លិចភូមិឋានប្រជាពលរដ្ឋ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងខេត្តត្បូងឃ្មុំ បានបង្ខំចិត្តបំលាស់ទីទៅរស់នៅទីទួលសុវត្ថិភាព។

អាជ្ញាធរខេត្ត រួមជាមួយសាខាកាកបាទក្រហមខេត្ត បានចុះសំណេះសំណាល និងនាំយកអំណោយបន្តបន្ទាប់ដល់បងប្អូន ដើម្បីរក្សាសុខរួមទុក្ខ ក្នុងនាមជាអាណាព្យាបាលរបស់ពួកគាត់។

ដោយឡែកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ បានបន្តដឹកនាំក្រុមការងារមន្ទីរ អង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ព្រមទាំងថវិការទៅចែកជូនពលរដ្ឋ ២០១គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកត្បូងឃ្មុំ។

ជាមួយការចុះតាមមើលស្ថានភាពការលិចលង់ តាមផ្លូវទឹកដែលលិចលង់ដ៏ធំល្វឹងល្វើយ ចុះទឹកឡើងគោករៀងរាល់ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជួបសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូន ដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានទិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិការផ្ទាល់ខ្លួនដល់ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួមលើការងារមនុស្សធម៍នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ ទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញការងារចុះជួយ យល់ពីសុខទុក្ខរបស់ពលរដ្ឋ កាន់តែខ្លាំងក្លាបន្ថែមទៀត។

បើតាមលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសារទាំង២០១គ្រួសារ មកពី០៣ភូមិ ក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដោយក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការ២មុឺនរៀល។

ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក លោក សេង សុខឿន បានត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ៕