បណ្តាញសង្គម

កាន់បិណ្ឌវេនទី១ អភិបាលខេត្តត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ៨លានរៀល ប្រគនវត្តត្រពាំងសង្កែ

ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមគន្លងប្រពៃណីសាសនា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ មន្ត្រីរាជការជុំវិញខេត្ត

បានអញ្ជើញទៅចូលរួមកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តសាមគ្គីឧត្តមប្រឹក្សា ហៅវត្តត្រពាំងសង្កែ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដោយបានប្រគេនគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការចំនួន៨លានរៀល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ជាការចូលរួមបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាជនខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាស ប្រារព្ធពិធីបុណ្យនានាឡើង ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងបញ្ជាក់ ប្រាប់លោកតាលោកយាយថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្នហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង។

ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាពនិង ត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការជុំវិញខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៨លានរៀល ទៅប្រគេនវត្តត្រពាំងសង្កែ សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕