បណ្តាញសង្គម

ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ ដល់ទុរគតជន និងក្រុមគ្រួសាររងគ្រោះ​​ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា និងលោកជំទាវ និងជាប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក អញ្ជើញ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ទុគតជន ដែលជួបការលំបាក, ក្រុមគ្រួសាររងគ្រោះ ដោយ គ្រោះធម្មជាតិ, ក្រុមគ្រួសារសពកុមារ ដែលត្រូវបងជីដូនមួយ វិកលចរិតសម្លាប់ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៤ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមការងារ ចុះជួយ ស្រុកពញាក្រែក ក៏បានពាំនាំនូវ ការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី គឺសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូ យកចិត្តទុក ដាក់ ចំពោះសុខទុក្ខ និងការរស់នៅ  របស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏ដូចជារាជរដ្ឋាភិបាល សូមចូលរួម រំលែកទុក្ខ ចំពោះ សោតនាដកម្ម ដែលបានកើតឡើង នាពេលថ្មីៗនេះ និងគ្រោះធម្មជាតិ បានកើតឡើង ចំពោះប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូលដ្ឋាននេះផងដែរ ហើយសូមឲ្យបងប្អូន កុំអស់សង្ឃឹមក្នុងជីវិត ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អ្វីៗ ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី ប្រជាជនរស់នៅ ក្នុងភាពវេទនា ព្រាត់ប្រាស់គ្រួសារ គ្មានសិទ្ធិសេរីភាព ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចទាំងបី ប្រទេសជាតិ មានភាពរីកចម្រើន លើគ្រប់ វិស័យ ប្រជាជនរស់នៅ ប្រកបដោយសុខសន្តិភាព អត្រា នៃភាពក្រីក្រត្រូវ បានកាត់បន្ថយ ជាបណ្តើរៗ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តី និងលោកជំទាវ ក៏បានពាំនាំនូវអំណោយ និងថវិកា មួយចំនួន ជូនដល់ ទុរគតជនចំនួន ៣គ្រួសារ, ដោយ១គ្រួសារទទួលបាន អង្ករ ៤០គីឡូក្រាម មុង១, ភួយ១, កន្ទេល១, តង់១, គ្រឿងឧបភោគ បរិភោគ និងថវិកា ៣០ម៉ឺនរៀល, គ្រួសាររងគ្រោះធម្មជាតិ រលំផ្ទះទទួលបានអង្ករ និងសម្ភារៈដូចគ្នា ហើយថវិកា ៥០ម៉ឺនរៀល, គ្រួសារ សពកុមារ រងគ្រោះទទួល បានដូចគ្នា និងថវិកា ៦០ម៉ឺនរៀល, ហើយក្នុងនោះលោក ក៏បានឧបត្ថម្ភ ដល់គ្រួសារសពជនវិកលចរិត សម្លាប់កុមារជា ប្អូនជីដូនមួយ និងគ្រួសារសពប្រជាជនក្រីក្រចំនួន ៣ គ្រួសារដែលនៅក្នុងឃុំកក់ ដោយ មួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល ចំណែកប្រជាជន ដែលបានចូលរួម ម្នាក់ៗ ទទួលបានថវិកា ១ ម៉ឺនរៀលផងដែរ ៕