បណ្តាញសង្គម

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ត្រៀមកម្លាំង និងមធ្យោបាយ ជួយប្រជាពលរដ្ឋ ពេលកម្ពស់ទឹកឡើងដល់ កម្រិតប្រកាសអាសន្ន

ត្បូងឃ្មុំ៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានត្រៀមកម្លាំង នគរបាល និងមធ្យោបាយ រួចជាស្រេច ដើម្បីត្រៀមជួយជម្លៀស ប្រជាពលរដ្ឋ ក្នុងករណី កម្រិតទឹកទន្លេមេគង្គ ឡើងដល់កម្រិត ប្រកាសអាសន្ន ដែលអាចកើតឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ ដែលកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ។

ចំពោះការដោះស្រាយបញ្ហា ប្រឈមខាងលើនេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា ទីទួល មានសុវត្ថិភាព ដែលត្រៀមទុកសម្រាប់ ជម្លៀសប្រជាពលរដ្ឋ មានចំនួន ៤៣ទីតាំង ក្នុងនោះ ស្រុកក្រូចឆ្មារ មាន៣៨ ទីតាំង និងស្រុកត្បូងឃុំ មានចំនួន ៥ទីតាំង ។

បើតាមលោក ស្នងការកម្លាំង នគរបាល ១២០នាក់ និងកម្លាំងត្រៀមផ្សេងទៀត រួមជាមួយ មធ្យោបាយ កាណូត ៤៦គ្រឿង បានរៀបចំរួចជាស្រេច ក្នុងការដឹកជម្លៀស ប្រជាពលរដ្ឋ ពេលទឹកឡើងដល់កម្រិត ប្រកាសអាសន្ន ។ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤នេះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរស្រុក បានដឹកនាំ កម្លាំងនគរបាល ជាច្រើននាក់ ចុះពិនិត្យមើល ស្ថានភាពទឹកទន្លេមេគង្គ ប៉ុន្តែកម្ពស់ទឹកនៅដដែល ប៉ុន្តែនឹងកើនឡើងដល់ កម្រិតប្រកាសអាសន្ន នៅថ្ងៃស្អែក ៕