បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយអំពី អត្ថប្រយោជន៍ នៃការចុះបញ្ជីការពារម៉ាកក្នុងប្រទេសនិងអន្តរជាតិ ដល់អ្នករកស៊ីនិងសិស្សនិស្សិត នៅខេត្តត្បូងឃ្មុំ

ដោយកត់សម្គាល់ឃើញថា ក្នុងខេត្តត្បូងឃ្មុំជាខេត្តមួយ ដែលមានពាណិជ្ជករ អាជីវករ នឹងសិស្ស-និស្សិតភាគច្រើន ពុំទាន់យល់ដឹងទូលំទូលាយអ្វីទៅហៅថា កម្មសិទ្ធិបញ្ញា ការចុះបញ្ជី

ការពារម៉ាក និងការកសាងម៉ាកយីហោរបស់ខ្លួន ដើម្បីអោយមានភាពទាក់ទាញដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកវិនិយោគជាច្រើន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម តាមរយៈមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយសាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី ទស្សនទានទូទៅនៃកម្មសិទ្ធិបញ្ញា អត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការចុះបញ្ជីការពារម៉ាកក្នុងប្រទេស និងចុះបញ្ជីការពារម៉ាកជាលក្ខណៈអន្តរជាតិ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីមន្ទីរពាណិជ្ជកម្ម បណ្តាមន្ទីរ នៃស្ថាប័នផ្សេងៗនៅខេត្តត្បូងឃ្មុំ អាជីវករសហគ្រាសខ្នាតតូច-មធ្យមម្ចាស់សណ្ឋាគារ និងសាស្ត្រាចារ្យ-និស្សិតនៃសាកលវិទ្យាល័យខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ ធ្វើឡើងនៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ក្រោមវត្តមាន លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងលោក វ៉ា សុភក្រ័ តំណាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។

ថ្លែងលើកឡើងនាឳកាសនោះ លោក អប់ រ៉ាឌី ឲ្យដឹងថាសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗបី ដើម្បីឲ្យអ្នកចូលរួមបានយល់ដឹងទៅលើ (១)-ចំណេះដឹងជាសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញា (២)-អត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការចុះបញ្ជីការពារម៉ាកក្នុងប្រទេស និងម៉ាកជាលក្ខណៈអន្តរជាតិ (៣)-នីតិវិធីក្នុងការដោះស្រាយវិវាទ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។

លោក បញ្ជាក់ថា កម្មសិទ្ធិបញ្ញាជាវិស័យមួយដែលមានវិសាលភាពទូលំទូលាយ និងគ្រប ដណ្តប់គ្មានព្រំដែនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា។

លោក បន្ថែមថា ជាក់ស្តែង យើងបានអនុវត្តវិស័យនេះរួចមកហើយ គឺផ្តោតជាសំខាន់ទៅលើការចុះបញ្ជីម៉ាក ការកសាងម៉ាកយីហោ និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធម៉ាឌ្រីដរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលរាជរដ្ឋាភិបាលបាននឹងកំពុងបង្កើននិងជម្រុញ អោយមានការចុះបញ្ជីការពារ និងការកសាងម៉ាកយីហៅលើទំនិញ និងផលិតផលរបស់ពាណិជ្ជករ អាជីវករ និងកសិករកម្ពុជាយើងអោយមាននៅលើ ទីផ្សារក្នុងស្រុក ក៏ដូចជាធ្វើការនាំចេញផងដែរ។

សូមបញ្ជាក់ថា៖ ការចុះបញ្ជីម៉ាក និងការកសាងម៉ាកយីហោជាកម្មសិទ្ធិបញ្ញាដែលការពារពាណិជ្ជករ និងអាជីវករប្រឆាំងនឹងការប្រកួតប្រជែងឺមិនស្មោះត្រង់ និងការរំលោភបំពាននានា និងការពារអ្នកប្រើប្រាស់ប្រឆាំងនឹង ការប៉ះពាល់ព័ត៌មានពាក់ព័ន្ធនឹងផលិតផល ដែលបានចុះបញ្ជីការពារម៉ាក ដែលមានគុណភាពនេះហើយជាចលករនៃការទាក់ទាញអ្នកប្រើប្រាស់ ក៏ដូចជាអ្នកវិនិយោគឲ្យបានកាន់តែទូលំទូលាយ បន្ថែមទៀត៕