បណ្តាញសង្គម

កិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ លើកទី១ អាណត្តិទី២ ឆ្នាំ២០១៩

នៅស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូឃ្មុំ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ

សាខាកាកបាទក្រហមខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ លើកទី១ អាណត្តិទី២ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី២ និងក្រុមមន្ត្រីប្រតិបត្តិសាខា រួមទាំងសហការីទាំងអស់ដើម្បីពិនិត្យពិភាក្សាលើចំនុច២សំខាន់នោះគឺ -ពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខា ប្រចាំអាណត្តិទី២ ( ២០១៩-២០២៥ )។

ដែលក្នុងនោះរួមមានការបែងចែកតួនាទីភារកិច្ច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាឱ្យអនុវត្តទៅតាមតួនាទីរៀងៗខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដូចដែលមានចែងតាមប្រការនិមួយៗ នៃសេចក្តីសម្រេច ។

-ពិភាក្សាការរៀបចំនាយក នាយករងសាខា ប្រធានការិយាល័យ និងមន្ត្រីក្រុមប្រតិបត្តិសាខា និងការបន្ថែមការិយាល័យ ដើម្បីអភិវឌ្ឍសាខាឈានមួយកម្រិតថែមទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារមនុស្សធម៍ក្នុងខេត្តសម្រេចបានយ៉ាងច្រើន សុទ្ធសឹងក្រោមការសហការរបស់សមាជិកគ្រប់រូប ប្រកបដោយឆន្ទ:ខ្ពស់ និងមានបេះដូងមនុស្សធម៍សែនកក់ក្តៅចំពោះពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយយករដ្ឋមន្ត្រី ជា សុផារ៉ា កន្លងមកជាអ្នកគាំទ្រ និងកៀគរប្រភពថវិការ ធ្វើឲ្យសាខាកាកបាទក្រហមខេត្ត បានបំពេញបេសកម្មរបស់ខ្លួន រហូតមកដល់ពេលនេះ ក៍ដូចជាបន្តសកម្មភាពឲ្យខ្លាំងខ្លាបន្ថែមទៀត។

ជាងនេះទៅទៀតនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់ ធ្វើជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក្នុងអាណត្តិទី២នេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យសមាជិកគណ:កម្មធិការសាខា និងក្រុមប្រតិបត្តិទាំងអស់ បន្តរួមគ្នាបំពេញបេសកកម្មមនុស្សធម៌ តាមវិស័យស្នូលទាំង៤ និងគោរពតាមគោលការណ៍គ្រឹះទាំង៧ ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនលំអៀង តម្លាភាព គណនេយ្យភាព អព្យាក្រឹតភាព ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូរពាក់ព័ន្ធតាមគោលដៅនិមួយៗ នាំយកអំណោយមនុស្សធម៌ដែលសាខាកក្រក ខេត្តផ្តល់ទៅឲ្យបានទៅដល់ដៃជនរងគ្រោះ និងជនងាយរងគ្រោះពិតប្រាកដ គ្រប់មូលដ្ឋានទូទាំងខេត្ត។

មួយវិញទៀត ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការត្រៀមជួយសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយនានា និងលើកកម្ពស់គិតគូរពីសុខភាពបងប្អូន ពាក់ព័ន្ធអនាម័យរស់នៅរបស់ពលរដ្ឋទូទាំងខេត្ត ក្នុងអាណត្តិទី២នេះ ៕