បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ ចាប់ឆ្នោតលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់សភាពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២០ តុលា ខាងមុខនេះ

នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះ

បោះឆ្នោតសភាពាណិជ្ជកម្មខេត្ត ដើម្បីបន្តនិរន្តរភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មថ្មី ក្រោមអធិបតីភាពឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនោះ មានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរពាកព័ន្ធជុំវិញខេត្ត តំណាងសមាជិកសភាពាណិជ្ជកម្មខេត្តទាំង១៧រូប ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ ដើម្បីឲ្យដំណើរការបោះឆ្នោតសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្ត ដំណើរការទៅដោយភាពជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ដែលបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ជូនដំណឹងអាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករក្នុងខេត្ត អញ្ជើញចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិថ្មីនេះ ។

នាឱកាសនោះ ឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ៖ យោងតាមសេចក្ដីសម្រេចលេខ ០៩៩/១៩សសរ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការបង្កើតគណៈកម្មការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដើម្បីបន្តនិរន្តរភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម បានបញ្ជាក់ថា សភាពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែមានភាពរីកចម្រើន។ ពិសេសវាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានការងារធ្វើផងដែរ។

ម្យ៉ាងទៀត សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិថ្មីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ខាងមុខ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយអ្នកដែលអាចចូលរួមបោះឆ្នោតបាន លុះត្រាតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់។

គួរបញ្ជាក់ថា ៖ បេក្ខជនដែលបានឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មមានចំនួន១៧រូប ដែលការបោះឆ្នោតកំណត់យកសមាជិកចំនួន១៥រូប ព្រមទាំងបានធ្វើការចាប់ឆ្នោតយកលេខរៀងបេក្ខជន សម្រាប់បោះឆ្នោតខាងមុខផងដែរ៕