បណ្តាញសង្គម

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកពូជស្រូវ ជាង៤១តោន ដល់កសិករចំនួន៩ភូមិ ក្នុងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ក្រោយពីទឹកជំនាន់ជាន់លិចបំផ្លាញស្រូវរាប់សិបហិចតាក្នុងស្រុកអូរាំងឪកន្លងមក ឃើញបែបនេះ អាជ្ញាធរជាតិបានផ្តល់ស្រូវចំនួន៤១តោន ដល់កសិករ

មកពី៩ភូមិ ក្នុងឃុំមៀន ស្រុកអូរាំងឪ ដើម្បីស្តារការដាំដុះស្រូវឡើងវិញ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្របគ្រង់គ្រោះមហន្តរាយ និងលោកជំទាវ ធ្វើឡើងនៅវត្តបន្ទាយមាន ស្ថិតក្នុងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។

បើតាមរបាយការណ៍របស់លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ បានបញ្ជាក់ឱ្យដឹងពីផលប៉ះពាល់ នៃទឹកជំនន់នាពេលកន្លងមកថ្មីៗនេះ ដែលរងផលប៉ះពាល់ដែលត្រូវស្ដារឡើងវិញនៅឃុំមៀន ចំនួន០៩ភូមិ ក្នុងស្រុកអូរាំងឪ ទៅលើដំណាំស្រូវមានផ្ទៃដីសរុបចំនួន២៧៩.៥៦ហិចតា ស្មើនឹងប្រជាជនសរុប៥៣០គ្រួសារ ក្នុងនោះរួមមាន ភូមិសោយ៤៣,១០ហ.ត ស្មើនឹង៦៩គ្រួសារ ភូមិកំពូលសេរី ៩១,៩០ហ.ត ស្មើនឹង១៩១គ្រួសារ ភូមិមៀន ៥៧,៧០ហ.ត ស្មើនឹង៧៥គ្រួសារ ភូមិមេលោង ២៣,៩៩ហ.ត ស្មើនឹង ៧៧គ្រួសារ ភូមិថ្មសំលៀង១២,៣៧ ហ.ត ស្មើនឹង៣៣គ្រួសារ ភូមិថ្មី៧,១០ហ.ត ស្មើនឹង៩គ្រួសារ ភូមិកន្លែងចក៦,៣០ហ.ត ស្មើនឹង២៣គ្រួសារ ភូមិស្វាយពក៣០,១០ហ.ត ស្មើនឹង៤៣គ្រួសារ និងភូមិព្រៃសំបូរលិច៩ហ.ត ស្មើនឹង១០គ្រួសារ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ បានឲ្យដឹងថា ៖ ថ្ងៃនេះ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកគ្រាប់ពូជស្រូវចំនួន៤១តោន ៥០០គីឡូ ជូនដល់ប្រជាពលរដ្ឋចំនួន៥៣០គ្រួសារ មកពី៩ភូមិ ក្នុងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិកររបស់យើង ដែលរងគ្រោះដោយសារ ទឹកជំនន់ នាពេលកន្លងមក។

ដោយឡែកនៅស្រុកអូរាំងឪ ក៏រងផលប៉ះពាល់ជាង៥៣០គ្រួសារ ដែលបានខូច សំណាប និងស្រូវ ហើយ បន្ទាប់ពី ទឹកស្រក បងប្អូនប្រជាកសិករ គាត់ចាប់ផ្តើមធ្វើម្តងទៀត។

ដូច្នេះហើយបានជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំគណៈប្រតិភូ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឱ្យ ក្រសួងកសិកម្ម និងស្បៀងបម្រុងរបស់រដ្ឋមកទីនេះ ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាជនយើង។

ព្រោះនៅក្នុងស្រុកអូរាំងឪនេះ ដែលទទួលរងផលប៉ះពាល់ដល់ផលដំណាំចំនួន៥៣០គ្រួសារ តែប៉ុណ្ណោះ ដែលត្រូវទទួលបាន ស្រូវពូជ ហើយយកទៅធ្វើការដាំដុះ និងបង្កបង្កើនផលស្តារឡើងវិញ។

ព្រោះស្រូវពូជនេះ ជាស្រូវពូជរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានសំរិតសំរាំង។ ដូច្នេះហើយបើកាលណាទុកយូរវាខូច ដូច្នេះយើងត្រូវទាមទារយកមក ចែកជូនដល់បងប្អូនប្រជាកសិករ ឱ្យហើយដោយចាប់ផ្តើមពីត្រូវរៀបចំ ដើម្បីធ្វើការសាបព្រោះ និងបង្កបង្កើនផល។

ហើយ ក្នុង១ហិចតា យើងត្រូវចំណាយអស់គ្រាប់ពូជចំនួន១០០គីឡូក្រាម។ អ៊ីចឹងហើយបានជាយើងមានរបប៤បេរ ក្នុង១ហិចតា និងអ្នកមានកន្លះហិចតាទទួលបាន២បេរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដែលស្រូវពូជនេះ ជាស្រូវពូជល្អ ដោយចែកជូនដល់បងប្អូនប្រជាកសិករ នៅតំបន់ណា ដែលអាចស្តារឡើងវិញ បានអាចបង្កបង្កើនផលបាន ពិសេសតំបន់ដែលមានទឹកសម្រាប់ អាចស្រោចស្រពបាន។

ហើយក្នុងនោះដែរ ប្រជាជនយើងក៏មានស្រូវពូជសម្រាប់ត្រៀម បង្កបង្កើនផលឡើងវិញផងដែរ ដោយមិនចាំបាច់ចាំស្រូវពូជរបស់រដ្ឋ ដែលពួកគាត់បានដាំដុះរួចហើយ និងអ្នកខ្លះនៅមិនទាន់បានធ្វើ ហើយអ្នកខ្លះទៀត ក៏រងចាំ ស្រូវពូជរបស់រដ្ឋ ដែលផ្តល់ឱ្យ ដូច្នេះហើយទើប ឯកឧត្តម ខិតខំមកចែកពូជស្រូវនេះ ឱ្យហើយឱ្យបានទាន់ពេលវេលា ហើយពូជស្រូវនេះដែរ ជាង៩០%ដាំទៅដុះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹក ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ លោកយាយ លោកតា ពូ មីង បងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខសប្បាយបងប្អូនគាំទ្រការដឹកនាំរបស់សម្តេចជួយបងប្អូនជានិច្ច៕