បណ្តាញសង្គម

ក្រុមការងារពិសេស លុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរួមគ្នាសម្រាប់អនុវត្តសកម្មភាពបន្តនៅត្រីមាសក្រោយ ដោយរំពឹងនឹងលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥

ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីរកវិធីសាស្ត្រ ក្នុង

ការលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់ពីខេត្តត្បូងឃ្មុំតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិសេសនេះពីសំណាក់ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួពី លោក លោកស្រី វេជ្ជបណ្ឌិត លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យស្រុកប្រតិបត្តិ នៃមន្ទីរសុខាភិបាលខេត្ត និងលោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុកទាំ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងថា ជម្ងឺគ្រុនចាញ់ហាក់មានថយចុះនៅអំឡុងមួយរយៈពេល ក្រោយមកនេះ នៅក្នុងខេត្តត្បូងឃ្មុំ របស់យើង។

ការថយចុះ នៃជម្ងឺគ្រុនចាញ់នេះ គឺកើតឡើងភាគច្រើនទៅលើបងប្អូនប្រជាពលរដ្ឋរស់តាមតំបន់ជាប់ដងទន្លេ អ្នករស់នៅតំបន់ដែលមានព្រៃ តំបន់ជាប់ព្រំដែន ហើយជម្ងឺគ្រុនចាញ់នេះក៏កើតមានស្ទើរគ្រប់តំបន់ នៅក្នុងខេត្តត្បូងឃ្មុំយើងនេះ ហើយបើតាមរបាយការណ៍គឺមានការថយចុះ។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ បានថ្លែងបន្តថា មន្ទីរសុខាភិបាលខេត្តតែងតែធ្វើការគិតគូ និងយកចិត្តទុកដាក់ នៅតាមមណ្ឌលសុខភាពនានា ហើយក៏មានអ្នកស្មគ្រ័ចិត្តតាមមូលដ្ឋាន ដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ ទើបយើងក៏ អាចធ្វើការលុបបំបាត់ និងធ្វើអោយជម្ងឺគ្រុនចាញ់ មានការថយចុះ តាមផែនការយុទ្ធសាស្ត្ររបស់ជាតិផងដែរ។

លោកវេជ្ជៈបណ្ឌិត បញ្ជាក់យ៉ាងដូច្នេះថា «យើងគួរតែពង្រឹងប្រពន្ធ័សុខាភិបាលយើងម្តងទៀត មិនមែនមាននយ័ថាការងារនេះយើងមិនបានធ្វើនោះទេ តែយើងត្រូវពង្រឹងជាប្រចាំ នៅសេវាសុខាភិបាលយើងនៅតាមមូលដ្ឋាន និងអ្នកស្មគ្រ័ចិត្តគឺយើងត្រូវធ្វើការពង្រឹងឡើងវិញដែរ ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់របស់បងប្អូនប្រជាពលរដ្ឋយើងពេលមកដល់មន្ទីពេទ្យ ឬមណ្ឌលសុខភាព»។

ជាមួយគ្នានេះផងដែរ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ក៏បាន ផ្តាំផ្ញើ ដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន ការិយាល័យស្រុកប្រតិបត្ត លោក លោកស្រី ដែលជាមន្រ្តីគម្រោងជម្ងឺគ្រុនចាញ់ នៃមន្ទីរសុខាភិបាលខេត្ត ដៃគូម្ចាស់ជំនួយ ពិសេសតាមបណ្តាមណ្ឌលសុខភាពនានា និងអ្នកស្មគ្រ័ចិត្តនៅតាមមូលដ្ឋាន គឺយើងត្រូវធ្វើការពង្រឹងដោយបំពេញតាមខ្សែរបន្ទាត់ការងាររបស់គម្រោង ដោយមានការយកចិត្តទុកដាក់ ផ្គត់ផ្គង់ទាំង ឱសថ សម្ភារៈបរិក្ខា ទាក់ទងនិងជម្ងឺគ្រុនចាញ់នេះកុំឲ្យដាច់។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ បានសំណូមពរលោក លោកស្រី នៃគម្រោងជម្ងឺគ្រុនចាញ់នៃមន្ទីរសុខាភិបាល និងដៃគូសហប្រតិបត្តការ ត្រូវធ្វើការផ្សព្វផ្សាយបន្ត ទាក់ទងនិងជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម ធ្វើយ៉ាងណាឲ្យពួកគាត់ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត ដូចជាសំបកកំប៉ុង សំបកកង់ឡាននិងអ្វីដែលទាក់ទងនិងសំបុកម៉ូស ត្រូវសម្អាត អោយបានស្អាត ដើម្បីឈាន ទៅលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបាន តាមគោលនយោបាយថ្នាក់ជាតិ ដែលបានកំណត់នៅឆ្នាំ២០២៥ ។

ជាពិសេស ត្រូវចូលរួមផ្សព្វផ្សាយបន្ត ដើម្បីឲ្យសហគមរបស់យើងបានទទួលនូវសេវាសុខភាពល្អ ទាល់តែរដ្ឋបាលយើងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវតែផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀត ងាយគាត់យល់ដឹងពីបញ្ហាការពារបរិស្ថានជុំវិញ ដែលទាក់ទងនិងជម្រកសត្វម៉ូស ជាភ្នាក់ងារចម្លង បណ្តាលអោយកើតជម្ងឺគ្រុនចាញ់ គ្រុនឈាម ដែលយើងមិនបានដឹងជាមុន។

 

ជាមួយគ្នានេះលោកវេជ្ជៈបណ្ឌិត ម៉ា សុខន ប្រធានគម្រោងជម្ងឺគ្រុនចាញ់ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដែរថា ទាក់ទងនិងបញ្ហាជម្ងឺគ្រុនចាញ់ និងវិធីសាស្ត្រដែលយើងត្រូវលុបបំបាត់ជម្ងឺគ្រុនចាញ់នេះ គឺមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តែងធ្វើសកម្មភាពនៅគ្រប់ ក្រុង ស្រុក ទាំងអស់ទូទាំងខេត្ត ដូចជា ការចែកមុងគ្រែ មុងអង្រឹង ជ្រលក់ថ្នាំ ក៏ដូចជា ការផ្សព្វផ្សាយពីការសម្អាតបរិស្ថានជុំវិញផ្ទះ ក្នុងគោលបំណងបំបាត់សំបុកម៉ូសខ្លា។

លោកវេជ្ជៈបណ្ឌិត ក៏សូមអោយតាមបណ្តាមណ្ឌលសុខភាពនានា និងអ្នកស្មគ្រ័ចិត្តនៅតាមមូលដ្ឋាន ដែលជាសមាជិកក្រុមការងារពិសេស របស់ខេត្តត្រូវរកវិធីដើម្បីយើងរួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់នេះបានជាស្ថាពរ៕