បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហសវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៧ឆ្នាំ

(ត្បូងឃ្មុំ)៖ ក្នុងការតបស្នង ចំពោះមហា ករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយ គ្រប់បែបយ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់ របស់ព្រះអង្គនោះ

ព្រឹកថៃ្ងអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណ:អភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង៣ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ ស.ស.យ.ក និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងពិធីគោរពព្រះវិញ្ញាណ ក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ " គម្រប់ខួប ៧ព្រះវស្សា នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ។

ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខ ព្រះបរមឆាយាល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធ ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ សូមទ្រង់បានយាង ទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកព្រះសង្ឃ ក៏បានសូត្រធម៌ចម្រើនព្រះបរិត្តឧទ្ទិសថ្វាយ ព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ ។

នៅក្នុងអង្គពិធីទាំងមូល បានសម្តែងនូវអារម្មណ៍ វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូល ទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់ បានសាងស្នាព្រះហស្ថ ដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើន ស្ទើរគ្រប់វិស័យ ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ សូមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះ ព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយ ព្រះជន្មរបស់ព្រះអង្គ បានលះបង់ក្នុងមួយ ព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេស ព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ ព្រះអង្គដែលធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បីល្បាញ លើសកលលោក ។

ពិតមែនតែ ព្រះរូបកាយរបស់ព្រះអង្គ បានយាងសោយ ទីវង្គតទៅហើយ ប៉ុន្តែព្រះកិត្តិនាមរបស់ព្រះអង្គ ស្ថិតនៅក្នុងក្រអៅបេះដូង របស់កូនចៅ ចៅទួត ចៅលួតទាំងអស់គ្នា ជាដរាបរៀងរហូតទៅ ៕