បណ្តាញសង្គម

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីក្រោមឱវាទ សម្អាតបរិស្ថានជុំវិញមន្ទីរព័ត៌មានខេត្ត ដើម្បីសុខភាពនិងថែរក្សាបរិស្ថាន

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះកាប់សម្អាតស្មៅ និងព្រៃស្ដុកជុំវិញបរិវេណមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីចូលរួម

សម្អាតបរិស្ថានជុំវិញខ្លួនឲ្យកាន់តែប្រសើរឡើង។

ថ្លែងនាឱកាសនោះ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត បានឲ្យដឹងថា ៖ ការកាប់ឆ្ការស្មៅ និងព្រៃស្ដុកនៅជុំវិញមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីជំរុញឲ្យមន្ត្រីនៅក្នុងមន្ទីរព័ត៌មានខេត្ត ចេះស្រលាញ់ថែរក្សាបរិស្ថាននៅជុំវិញខ្លួនឯង ពិសេសមន្ទីរជុំវិញខេត្តនានា និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវនាំគ្នាចូលរួមសំអាតបរិស្ថាន ដើម្បីអោយសោភ័ណភាពទីរួមខេត្តត្បូងឃ្មុំរបស់យើង កាន់តែស្រស់ស្អាតឡើងមួយកម្រិតទៀត ។

លោក ស ស៊ីណា បានបញ្ជាក់ទៀតថា « ប្រសិនបើជាមន្ទីរ/អង្គភាពស្អាត ខេត្តយើងស្អាត ធ្វើឲ្យយើងមានសុខភាពល្អ ជៀសផុតពីជម្ងឺដង្កាត់ផ្សេងៗបានមួយកម្រិត។

ម៉្យាងវិញទៀត នៅតំបន់រដ្ឋបាលប្រមូលផ្ដុំរបស់យើងនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាខេត្តយើងផងដែរ។

លោក បន្តថា ៖ «យើងទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថាន បង្កើនហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានកាន់តែស្អាតនៅតាមទីសាធារណៈ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហាបរិស្ថានត្រូវធ្វើការ ផ្សព្វផ្សាយឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅយល់ដឹងពីបរិស្ថាននេះ។

បើរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរ អង្គភាព ខេត្ត បានល្អហើយ យើងអាចទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកដើរកំសាន្តបានកាន់តែច្រើន នេះហើយជាការលើកកម្ពស់មុខមាត់ខេត្តរបស់យើងអោយកាន់តែល្បីរន្ទឺឡើង»។

លោក ស ស៊ីណា បានសំណូមពរដល់មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថានជុំវិញមន្ទីរ/អង្គភាពរៀងៗខ្លួន ពិសេសផ្ទះនិងទីសាធារណៈដោយផ្តើមចេញពីខ្លួនយើងគ្រប់ៗគ្នា។