បណ្តាញសង្គម

លោកឧកញ៉ា សុខ ហ៊ាង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្បូងឃ្មុំ

ឆ្លងកាត់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ធ្វើឡើងនៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពីម៉ោង៨ព្រឹក

ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ រហូតដល់ម៉ោង៣ រសៀលថ្ងៃដដែលនេះជាលទ្ធផល លោកឧកញ៉ា សុខ ហ៊ាង ប្រធានក្រុមហ៊ុនកែច្នៃកៅស៊ូ ហ៊ាង សេងហ៊ត់ ក្នុងស្រុកពញាក្រែក ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានសមាជិកចំនួន១៤រូប។

ការបោះឆ្នោតនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា ងួន ម៉េងតិច តំណាងសភាពាណិជ្ជកម្មកម្ពុជា។

បន្ទាប់ពីជាប់ឆ្នោត លោកឧកញ៉ា សុខ ហ៊ាង បានប្ដេជ្ញាចិត្តថា នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់សភាពាណិជ្ជកម្មខេត្ត ខិតខំប្រឹងប្រែងស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ ដែលផលិតកសិផលបាន និងបន្តគៀងគរអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក មករកស៊ីនៅក្នុងខេត្ត បានច្រើនបន្ថែមទៀត ជាពិសេសរកអ្នកវិនិយោគដែលធ្វើការវិនិយោគឲ្យត្រូវទៅ និងមុខរបររបស់អាជីវករដែលកំពុងប្រកបរបររកស៊ីនាពេលបច្ចុប្បន្ននេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ថូរ៉ា បានលើកឡើងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត ដែលបានទាក់ទាញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឲ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញសេដ្ឋកិច្ចក្នុងខេត្ត ឲ្យមានដំណើរការបានឆាប់រហ័សបន្ថែមទៀត។

គណៈអធិបតី ក៍បានណែនាំ ដល់លោកប្រធាន និងសមាជិកសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដែលទើបជាប់ឆ្នោតថ្មីទាំងអស់ ត្រូវប្រកាន់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ជាមួយដៃគូរ វិនិយោគទាំងឯកជន និងរដ្ឋ ដើម្បីលើកកម្ពស់កម្តិតជីវភាពពលរដ្ឋ កសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងក្លា ឆ្ពោះទៅមុខក្រោមម្លប់ នៃសន្តិភាពដែលកម្ពុជា កំពុងតែមាននៅពេលបច្ចុប្បន្ននេះ៕