បណ្តាញសង្គម

ក្រុមហ៊ុនសហគ្រាស មានប្រមាណ៥០០ទូទាំងខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យអង្គភាពសភាពាណិជ្ជកម្មខេត្ត រួមសាមគ្គីគ្នាដើម្បីទាក់ទាញអ្នកវិនិយោគទុនធំៗ ជំរុញការរកស៊ីក្នុងខេត្តឲ្យមានសន្ទុះទ្វេឡើង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យអង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ ក្នងនាមក្បាលម៉ាស៊ីនទំហំពាណិជ្ជកម្មខេត្ត ត្រូវរួមសាមគ្គីគ្នា

រៀបចំដំណើរការ ការងារឲ្យបានល្អ មានសាមគ្គីភាពផ្ទៃក្នុងរួមគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគទុនធំៗ មកទំនាក់ទំនងបណ្តាក់ទុករកស៊ីក្នុងខេត្តឲ្យកាន់តែមានសន្ទុះទ្វេឡើង ដើម្បីជួយសម្រួលលក្ខណៈងាយស្រួល ដល់អាជីវករ សេវាករ កសិករ និងអ្នករកស៊ីទាំងអស់ក្នុងខេត្ត មានទីផ្សារល្អច្បាស់លាស់ ជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ នាថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ក្នុងឪកាសទទួលជួបសំណេះសំណាល ជាមួយអង្គភាពសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានលោកឧកញ៉ា សុខ ហ៊ាង ដែលទើបជាប់ជាប្រធាន។

ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ដោយប្រជាពលរដ្ឋទូទាំងខេត្តកើនឡើងមានរហូតជិត៩០ម៉ឺននាក់ និងមានប្រមាណ៥០០ក្រុមហ៊ុន និងសហគ្រាស។

ឯកឧត្តមបណ្ឌិត បន្ថែមថា ពិសេសស្ថានភាពទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំមានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្របទៅនឹងស្ថានភាពខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនេះទាំងនៅខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ច្បាស់ណាស់ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបវិនិយោគិនក្នុងស្រុក និងក្រុមហ៊ុនបរទេសធំៗ ហ៊ានមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ដែលយើងគ្រប់គ្នាបានឃើញស្រាប់នាពេលកន្លងទៅ ក៍ដូចជាបច្ចុប្បន្ននេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបន្តទៀតថា ទោះបីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ទើបតែបង្កើតថ្មីមែន តែមិនមែនក្មេងខ្ចីនោះទេ ក្រោមការដឹកនាំរបស់លោកឧកញ៉ា សុខ ហ៊ាង ដែលមានបទពិសោធន៍ជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាមជាច្រើនអាណត្តិមកហើយ ហើយលោកបានកោតសរសើរ ដល់លោកឧកញ៉ា សុខ ហ៊ាង ដែលបានលាលែងពីតំណែងពីខេត្តកំពង់ចាម មកឈរឈ្មោះ ហើយជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នាពេលនេះ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៍បានថ្លែងណែនាំដល់ប្រធានអង្គភាពសភាពាណិជ្ជកម្មខេត្ត ត្រូវធ្វើការបែងចែកភារកិច្ច តួនាទីនៅក្នុងអង្គភាពឲ្យបានច្បាស់លាស់ ដើម្បីឲ្យអង្គភាពមានការរីកចម្រើន លើវិស័យពាណិជ្ជកម្ម និងរៀបចំទីតាំងការិយាល័យឲ្យបានសមរម្យ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ ដែលសំលឹងឃើញសក្តានុពលនានា នឹងមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តត្បូងឃ្មុំ៕