បណ្តាញសង្គម

អភិបាលខេត្តត្បុងឃ្មុំ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញទីប្រជុំជនរដ្ឋបាលសាលាខេត្ត ត្រៀមប្រារព្ធពិធីបណ្តែតប្រទីបលើកទី១ ថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ

ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ

នេះ នឹងរៀបចំពីធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែលើកទី១ នៅជុំវិញអាងទឹកសិប្បនិម្មិតទីរួមខេត្ត ។

នៅរាត្រីថ្ងៃទី១១នោះ នឹ់ងមានការបណ្តែតប្រទីបជាង២០០ អកអំបុក សំពះព្រះខែ បាញ់កាំជ្រួច និងមានការប្រគុំតន្ត្រី រាំលេងកំសាន្តរីករាយជុំបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។

ដោយឡែកមុនការរៀបចំពិធីនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត បានបន្តដឹកនាំ ថ្នាក់ដឹកនាំនិងមន្ត្រីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងសិស្សានុសិស្ស សម្អាតបរិស្ថានជុំវិញរដ្ឋបាលប្រមូលផ្តុំទីរួមខេត្ត មានដូចជាជុំវិញសាលាខេត្ត តាមដងផ្លូវ និងពិសេសតាមមាត់ទន្លេសិប្បនិម្មិត ដែលជាកន្លែងប្រារព្ធពិធី ជាទីកន្លែងកំសាន្ត ស្រូបយកអាកាសបរិសុទ្ធពីសំណាក់ភ្ញៀវទេសចរក្នុងខេត្ត ក៍ដូចជាតាមបណ្តាខេត្តក្រុងនានា ដែលឆ្លងកាត់នៅមកកំសាន្តនៅតំបន់នេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា អាជ្ញាធរខេត្ត រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រលាញ់បរិស្ថាន លុបបំបាត់វប្បធម៌ចោលសំរាមពាសវាលពាសកាល នាំគ្នាទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ គឺចោលសំរាមតែក្នុងធុងសំរាម ក្នុងន័យនេះគឺបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់គ្នារួមគ្នា ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឲ្យរួមគ្នាធ្វើយុទ្ធនាការសម្អាតបរិស្ថានបែបនេះ ដើម្បីរំលឹកស្មារតីប្រជាពលរដ្ឋតាមទីសាធារណៈបែបនេះ ជាបន្តបន្ទាប់ រហូតបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញាក់ស្មារតី រួមគ្នាសម្អាតបរិស្ថាន មានអនាម័យទាំងនៅក្នុងផ្ទះ ក៍ដូចជាតាមទីសាធារណៈ ដើម្បីទទួលបានបរិស្ថានស្អាត ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពយើងទាំងអស់គ្នា ជាពិសេសជួយលើកមុខមាត់ខេត្ត តាមរយៈសោភ័ណភាពស្អាត គ្មានសំរាមពាសវាលពាសកាល ដែលជាទីទាក់ទាញសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕