បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីយុវជន ចំណែកយុវជនត្រូវខិតខំសិក្សា និងត្រូវចូលរួមថែររក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ទៅសិស្សនិស្សិតជាង១០០០នាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យយុវជនមានឪកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងឪកាសការងារល្អ ទទួលបាននូវកម្រិតជីវភាពបានប្រសើរ ចំណែកយុវជនជាសិស្សនិស្សិតទាំអស់ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ មានកាតព្វកិច្ចត្រូវខិតខំប្រឹងប្រែងសិក្សា និងត្រូវចូលរួមថែរក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ នៅសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីភាព ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងសំណេះសំណាលជាមួយមន្ត្រី សាស្ត្រាចារ្យ និងសិស្សនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ជាង១០០០នាក់ ដោយក្នុងនោះនិស្សិតក្រីក្រ២០នាក់ លោកបានផ្គត់ផ្គង់លើការសិក្សា ដែលមកពីខេត្តព្រះវិហារ ស្ទួឹងត្រែង រតនគិរី ស្វាយរៀង ក្រចេះ មណ្ឌលគិរី និងខេត្តត្បូងឃ្មុំនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្អូនៗត្រូវយល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ ជាទ្រព្យគាប់ប្រសើរពុំអាចចោលួចឬឆក់យកបានឡើយ និងត្រូវយកចំណេះដឹងទៅអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន សំបូរសប្បាយ មានសុខសន្តិភាព ទើបជាយុវជនស្នេហាជាតិពិតប្រាកដ។

ផ្ទុយទៅវិញ ដាច់ខាតមិនត្រូវធ្វើទង្វើដែលចង់ឲ្យជាតិអន្តរាយខ្ទេចខ្ទាំ ប៉ះពាល់ដល់សន្តិភាពប្រទេស ដូចទណ្ឌិត សម រង្សី និងបក្ខពួក កំពុងតែធ្វើនោះឡើយ ដោយអូសកម្ពុជាចូលភាពអសន្តិសុខក្នុងប្រទេស គឺពិតណាស់ជាជនស្នេហាជាតិក្លែងក្លាយ និងជាជនក្បត់ជាតិ ដែលពលរដ្ឋខ្មែរ បានប្រកាសថ្កោលទោសនោះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ត្រី និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ទាំងអស់ ដែលខិតខំបណ្តុះបណ្តាលធនធានមនុស្ស ពិសេសជាសកលវិទ្យាល័យទី១ លើទឹកដីខេត្តត្បូងឃ្មុំ ជាថ្នាលបណ្តុះទំពាំងដ៍មានគុណភាព ជាសសរទ្រូងរឹងមាំ សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងតទៅអនាគត។

បើតាម លោក ពិន វណ្ណារ៉ូ សកលវិទ្យាធិការសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ឲ្យដឹងថាសាលា មានមហាវិទ្យាល័យចំនួន០៣ និងវិទ្យាស្ថានចំនួនចំនួន០៣ ដែលបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមាននិស្សិតសិក្សា៤ជំនាន់ សរុបចំនួន១២៣៧នាក់។

ដោយក្នុងនោះមានមហាវិទ្យាល័យកសិកម្ម, វិស្វកម្ម, អក្សរសាស្ត្រ និងមនុស្សសាស្ត្រ និងវិទ្យាស្ថានភាសាបរទេស, ព័ត៌មានវិទ្យា និងបណ្តុះបណ្តាលបច្ចេកវិទ្យានិងវិជ្ជាជីវ: ហើយនាពេលខាងមុខនេះ សាលានឹឹងបន្ថែមមហាវិទ្យា១ទៀតគឺ គ្រប់គ្រងធុរកិច្ច និងសហគ្រិនភាព។

ជាពិសេសសាស្ត្រាចារ្យ និងនិស្សិតក៍បានទៅ កំពុងទៅ និងបន្តទៅ ផ្លាស់ប្តូរបទពិសោធន៍ទៅកាន់ប្រទេសប្រមាណ១៦ប្រទេសក្នុងតំបន់ និងអន្តរជាតិផងដែរ៕