បណ្តាញសង្គម

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី២ អាណតិ្តទី៣ ឆ្នាំ២០១៩ នៅស្រុកពញាក្រែក

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ លើកទី២ អាណតិ្តទី៣ ឆ្នាំ២០១៩ ដើម្បីដោះ

ស្រាយនូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

វេទិការនេះ រៀបចំឡើងនៅក្នុងបរិវេណវត្តក្រញូង ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ឲ្យដឹងថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពញាក្រែក ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំនួរ សំណូមពរឬមតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍខេត្តត្បូងឃ្មុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ ។

បន្ទាប់មក ក្នុងអង្គវេទិកា ប្រជាពលរដ្ឋ បានលើកជាសំនួរនិងសំណូមពរសរុប១៣សំនួរ ដើម្បីឲ្យក្រុមការងារធ្វើការឆ្លើយសំនួរ និងដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ មានដូចជា៖ បញ្ហានគរបាលចរាចរណ៍តាមដងផ្លូវ បញ្ហាសេវាអប់រំនៅតាមសាលា សំណូមពរ អគ្គីសនី អណ្ដូងទឹក។

ឆ្លើយតបភ្លាមៗនោះ សំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានក្រុមការងារ ពិសេសតាមមន្ទីរអង្គភាពជំនាញបានធ្វើការឆ្លើយបំភ្លឺ ។

នាឳកាសនោះ ឯកឧត្តម ឡុង ធាម ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បញ្ជាក់ថា៖ រាល់សំណួរ និងសំណូមពរ របស់ប្រជាពលរដ្ឋដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺភ្លាមៗមួយចំនួនរួចហើយ ចំពោះបញ្ហានៅសល់មួយចំនួនទៀត ឯកឧត្តម នឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត។

ឯកឧត្តម បានស្នើរអោយមន្ត្រីទំាងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត ការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕