បណ្តាញសង្គម

ស.ស.យ.ក ខេត្តត្បូងឃ្មុំ ជិត៣ពាន់នាក់ ឈរតម្រៀបគ្នាជាអក្សរ (សសយកតឃ៤១) អបអរសាទរខួបលើក៤១ឆ្នាំ ថ្ងៃកំណើតរបស់ខ្លួន

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ ជិត៣០០០នាក់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីអបអរសាទរខួបលើក ៤១ឆ្នាំ នៃថ្ងៃ

កំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅបរិវេណរង្វង់មុខសាលាខេត្តត្បូងឃ្មុំ ដោយរៀបចំព្រឹត្តិការ ឈរតម្រៀបគ្នាជាអក្សរ (សសយក៤១) ព្រមទាំងស្តាប់ និងទស្សនាផ្ទាល់រួមគ្នា តាមរយ:ផ្ទាំងLEDដ៍ធំ នូវប្រសាសន៍របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងពីរាជធានីភ្នំពេញ ក៍ដូចជាទស្សនាស្តង់សកម្មភាពស.ស.យ.កទាំង៧ក្រុងស្រុក ការរាំរបាំ និងបង្ហោះប៉េងប៉ោងនាចុងកម្មវិធី ពិសេសមានការផ្សាយផ្ទាល់កម្មវិធីទាំងមូល ពីទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ តាមរយ:Facebook Page, Youtube ព្រមទាំងខ្សែកាបផងដែរ។

ដែលពិធីនេះប្រព្រឹត្តិទៅក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ស.ស.យ.កខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងថា ក្នុងពិធីប្រារព្ធខួប ៤១ឆ្នាំ នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា នាពេលនេះ គឺយើងពិតជាមានមោទនភាព និងសប្បាយចិត្តយ៉ាងក្រៃលែង ដែលយុវជនបានយល់ដឹងអំពីការបណ្ដុះស្មារតី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសមិទ្ធផលថ្មីៗ សម្រាប់សង្គមជាតិ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបនាំអោយយុវជនជំនាន់ក្រោយមានឱកាសគ្រប់បែបយ៉ាង ដូច្នេះក្នុងនាមជាយុវជនគំរូ ជាសសរទ្រូងប្រទេសជាតិ ត្រូវខិតខំរៀនសូត្រ បន្ដសហការ និងចូលរួមសកម្មភាពការងារសង្គមឱ្យបានច្រើន ជាគំរូដ៍ល្អ និងដើម្បីបង្កើតមិត្តភាព សាមគ្គីភាព ទៅវិញទៅមក ក្នុងនាមយើងជាខ្មែរតែមួយ និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តមបណ្ឌិត ក៍បានថ្លែងការកោតសរសើរចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ រាល់សកម្មភាពនាពេលកន្លងមក និងលើកទឹកចិត្តឲ្យបន្ដសកម្មភាព មនុស្សធម៌ សកម្មភាពសង្គម ឲ្យកាន់តែច្រើនឡើងខ្លាំងក្លាបន្ថែមទៀត។

បើតាមលោក ម៉ៅ ឌុង ប្រធាន ស.ស.យ.កខេត្តត្បូងឃ្មុំ បញ្ជាក់ស.ស.យ.កខេត្ត រៀបចំព្រឹត្តិការណ៍កម្មវិធីដ៍ធំមួយនេះឡើង មានអ្នកចូលរួមរហូតដល់ជិត៣ពាន់ គឺដើម្បីអបអរសាទរខួប៤១ឆ្នាំ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក៍ដូចជាក្នុងគោលបំណងឲ្យយុវជនមានទំនាក់ទំនងគ្នាជិតស្និទ្ធ ក្នុងគ្រាមកជួបជុំគ្នានេះ ដោយពង្រឹងសាមគ្គីគ្នា ពិសេសពញាក់ស្មារតីដល់ សមាជិក សមាជិកា និងយុវជនទូទៅបានយល់ច្បាស់ពីប្រវត្តិ បុព្វហេតុ និងពលកម្មរបស់អតីតយុវជន និងការលះបង់ពុះពាររបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ជំនាន់ ដែលបានចូលរួមក្នុងបុព្វហេតុសង្គមជាតិ និងយុវជន៕