បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ផ្សារដារ នៅខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណ២លានដុល្លារ នាចុងខែធ្នូនេះ!!

តាមរយ:កិច្ចប្រជុំត្រៀមរៀបចំ ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារដារ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយឯកឧត្តម ហាក់ សុខមករា

អភិបាលរងខេត្តត្បូងឃ្មុំផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយអស់ទឹកប្រាក់ប្រមាណ២លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែធ្នូ ឆ្នាំ២០១៩នេះ ។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមពី លោក បែន រ័ត្ន ស្នងការនគរបាលខេត្ត លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអភិបាលស្រុក ប្រធានមន្ទីរជុំវិញខេត្ត ឯកឧត្តម ហាក់ សុខមករា ថ្លែងឲ្យដឹងទៀតថា ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីការសាងសង់អស់រយ:ពេលប្រមាណ២៣ខែ។

ឯកឧត្តម បន្ថែមឲ្យដឹងទៀតថា ផ្សារដារ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណជិត២ហិចតា (១៩,៦២៨ម៉ែត្រការ៉េ) ដោយមានអគារផ្សារ ទំហំ១៦០០ម៉ែត្រការ៉េ ក៍ដូចជាអគាររដ្ឋបាល អគារឃ្លាំងដាក់ទំនិញ បន្ទប់ទឹក ប្រព័ន្ធលូ និងអាងស្តុកទឹកស្អាតជាដើម។

ឯកឧត្តម អភិបាលរងខេត្ត បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅ តាមព្រំដែនកម្ពុជា និងវៀតណាម ។

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម ៕