បណ្តាញសង្គម

ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងរងគ្រោះជាយថាហេតុផ្សេងៗ ចំនួន៤២៥គ្រួសារ មកពីស្រុកចំនួន៣ នៅខេត្តត្បូងឃ្មុំ បានទទួលអំណោយរបស់រាជរដ្ឋាភិបាល

ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយយថាហេតុផ្សេងៗ ចំនួន៤២៥គ្រួសារ រស់នៅក្នុងស្រុកចំនួន៣ គឺស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក

និងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ។ ពិធីចែកអំណោយនេះប្រារព្ធនៅបរិវេណវត្តពន្លៃ ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ នាព្រឹកថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ អំណោយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព និងរងគ្រោះដោយធម្មជាតិជាយថាហេតុផ្សេងៗ ក្នុងស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងស្រុកអូររាំងឪ ប្រមាណ៤២៥គ្រួសារ នាពេលនេះ ស្របតាមគោលនយោបាយជាតិសម្រាប់សុខុមាលភាពប្រជាជន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញឲ្យអនុវត្តន៍កន្លងមកផងដែរ ។

លោក បានផ្ដាំផ្ញើអោយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ សូមសហការជាមួយមន្ត្រីការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុង ស្រុក សូមជួយផ្តល់នូវមុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះ មានជាអាទិ៍៖ -ជនចាស់ជរាគ្មានទីពឹង -ជនក្រីក្រជួបការលំបាកខ្លាំងនៅតាមមូលដ្ឋានរបស់ខ្លួន -ស្ត្រីមេម៉ាយក្រីក្រកូនច្រើននៅក្នុងបន្ទុក -កុមារកំព្រានិងកុមារដែលគេបោះបង់ -ប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយខុសច្បាប់ និងដោយប្រថុយប្រថាន ដើម្បីឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរៀបចំផែនការសកម្មភាពចុះគាំទ្រ និងអន្តរាគមន៍ ជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងតម្លាភាព។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ពីការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ និងដែលជានិច្ចកាលសម្តេចតែងបានគិតគូរ អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ទុរគត៌ជន និងជនរងគ្រោះជាយថាហេតុផ្សេងៗ។

ឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលទាំងអស់ សូមថែរក្សាសុខភាព តាមរយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ និងរស់នៅបានយូរអង្វែង ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិបន្តទៀត។

គូសបញ្ជាក់ថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន៤២៥គ្រួសារ នាឱកាសនោះ រួមមាន ៖ អង្ករ១បេ ២៥Kg ទឹកត្រី ១យូ ទឹកស៊ីអ៊ីវ ១យូ មុង១ កន្ទេល១ ភួយ១ មី១កេះ និងថវិការចំនួន១ម៉ឺនរៀល៕