បណ្តាញសង្គម

គណៈកម្មការមូលបត្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផ្សព្វផ្សាយ ជុំវិញលើការវិនិយោគមូលបត្រ ជំរុញកំនើនសេដ្ឋកិច្ច

នៅមជ្ឈមណ្ឌលអាស៊ុណា ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញ

ជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?” ដែលបានរៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange Co., LTD.-CDX) ។

ក្នុងនោះក៏មានការអញ្ជើញ ចូលរួមពីលោក គឹម សត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តត្បូងឃ្មុំ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា លោក- លោកស្រី តំណាងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ តំណាងថ្នាក់ដឹកនាំតាមមន្ទីរនានាក្នុងខេត្ត គ្រឹះស្ថានហិរញ្ញវត្ថុ និសិត្សសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាធារណជន ជាង ២០០ នាក់ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនមកពី គ.ម.ក. ,អ្នកជំនាញមកពីក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក និងក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital Co., Ltd.) ផងដែរ។

ថ្លែង នាឱកាស ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៏ថា សិក្ខាសាលា ដែលបានរៀបចំឡើង នាថ្ងៃនេះ គឺចូលរួមបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់ រដ្ឋបាលខេត្ត សហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានមានប្រសាសន៏ លើកឡើងពីសក្ដានុពលនៃខេត្ត និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។

ឯកឧត្តម ក៏បានមានប្រសាសន៏ លើកទឹកចិត្តឱ្យសិក្ខាកាម និង វិនិយោគិន មានការចូលរួមសិក្សា ឆ្វេងយល់ ដើម្បីបង្កើនចំណេះដឹង ចំពោះការ វិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាចុងក្រោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏រំពឹងថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ នេះ ក្នុងការធ្វើអោយមានកំណើនសេដ្ឋកិច្ចខ្ពស់។

សូមជម្រាបថា៖ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តក្នុងខេត្តចំនួន១៧រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងនិងខេត្តត្បូងឃ្មុំនេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើននៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម៕