បណ្តាញសង្គម

ប្រធានគណៈគ្រូពេទ្យកម្ពុជា៖ ការផ្តល់សេវាសុខាភិបាលមិនមែនជាមុខរបររកសុីនោះទេ តែជាការបំពេញតួនាទីករណីកិច្ចវិជ្ជាជីវៈក្រមសីលធម៍ជាគ្រូពេទ្យ ជូនដល់អ្នកជំងឺ

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ថ្លែងក្រើនរំលឹកបែបនេះ នាព្រឹកថ្ងៃទី១៨ ខែធ្នូ

ឆ្នាំ២០១៩ ក្នុងឳកាសអញ្ជើញជាអធិបតីភាព ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦ នៅខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ក្នុងនោះមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរ និងជាប្រធានគណ:គ្រូពេទ្យខេត្ត រួមជាមួយវត្តមានរបស់តំណាងគណៈគ្រូពេទ្យ នៅតាមបណ្ដាខេត្តជុំវិញរួមមានខេត្ត៖ កំពង់ចាម, កំពង់ធំ, ក្រចេះ, ព្រៃវែង ស្វាយរៀង និងវត្តមានរបស់វេជ្ជបណ្ឌិត, គ្រូពេទ្យ មកពីគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងខេត្ត ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងសង្កត់ធ្ងន់ថា គ្រូពេទ្យទាំងអស់ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាច់ខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ ហើយចំពោះគ្រូពេទ្យត្រូវតែមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្ររបស់គណ:គ្រូពេទ្យ ទើបអាចធានាបានថា ជាគ្រូពេទ្យមួយដ៏ពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។

ឯកឧត្តមសាស្ត្រាចារ្យ បញ្ជាក់ថា គ្រូពេទ្យមួយដ៍ពេញលេញ គឺមានន័យថា មានវិជ្ជាជីវៈមាំទាំថ្លៃថ្នូរ ទាន់សម័យការ ជឿនលឿន សុច្ចរឹតត្រឹមត្រូវ មានក្រមសីលធម៍ខ្ពស់ មិនធ្វើអីដែលមិនគួរធ្វើ មិនត្រូវធ្វើ បំពេញការងារម៉ត់ចត់មុឺងម៉ាត់ ប្រយ័ត្នប្រយែងខ្ពស់ និងមិនត្រូវប្រហែសជាដាច់ខាត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកវេជ្ជបណ្ឌិត កែវ វណ្ណ: បានឱ្យដឹងដែរថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំគ្របដណ្តប់ទាំង៧ក្រុងស្រុក ដែលមានមន្ទីរពេទ្យបង្អែកចំនួន៦, មណ្ឌលសុខភាពចំនួន៧១ និងប៉ុស្តិសុខភាពចំនួន២ ដោយមានវេជ្ជបណ្ឌិត គ្រូពេទ្យ ឧសថការី ទណ្ឌបណ្ឌិតសរុបមានចំនួន១០២១នាក់ ស្រី៤៦៧នាក់។

ចំពោះការផ្តល់សេវាសុខាភិបាលឯកជនទូទាំងខេត្ត ទាំងមន្ទីរសំរាកព្យាបាល បន្ទប់សម្រាកគ្រប់ប្រភេទ និងឱសថស្ថានមានសរុប ៧៧៧កន្លែង។

លោកវេជ្ជបណ្ឌិត ឆន មុនី ក្នុងនាមជាប្រធានគណ:គ្រូពេទ្យខេត្តត្បូងឃ្មុំ បានអំពាវដល់ លោក លោកស្រីប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់ មកចុះបញ្ជីគណ:គ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងការគោរពច្បាប់វិជ្ជាជីវ:សុខាភិបាល និងធានាឲ្យបាននូវការផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវ:៕