បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ​ ផ្សព្វផ្សាយស្តីពីកិច្ចដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួល ដោះស្រាយបណ្តឹងរដ្ឋបាល ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក

នៅសាលប្រជុំគ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចដំណើរការរបស់

ការិយាល័យប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹង យន្តការ សម្រុះសម្រួល ដោះស្រាយបណ្តឹងរដ្ឋបាល នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្ត។

អង្គសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក លោកប្រធានការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួង លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានអង្គភាពទាំងពីរ លោកប្រធានផ្នែកទាំងពីរ នៃការិយាល័យប្រជាពលរដ្ឋខេត្ត លោកអភិបាលរងក្រុង ស្រុក លោក-លោកស្រី នាយករដ្ឋបាលក្រុង ស្រុក លោក-លោកស្រី មេឃុំ ចៅសង្កាត់ ព្រមទាំងសមាជិក សមាជិកានៃអង្គសិក្ខាសាលាប្រមាណ ជាង ១៥០ នាក់ ។

ថ្លែងបើកនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៏ថា ដោយទទួលបានគោលការណ៍ពីក្រសួងមហាផ្ទៃ ទើបរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយនេះឡើង គឺសម្រាប់ការផ្តល់សេវារដ្ឋបាល ការទទួល និងការសម្រុះ សម្រួល ដោះស្រាយបណ្តឹងតវ៉ានានា របស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្របខណ្ឌគតិយុត្ត និងជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់ ក្នុងការរួមចំណែក សម្រេចបាននូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវារដ្ឋបាល ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ាក ឡេង បានគូសបញ្ជាក់ថា ដោយផ្អែកលើលទ្ធផលជាវិជ្ជមានខាងលើនេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវអនុក្រឹត្យស្ដីពី ការបង្កើតយន្ដការអង្គភាពច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹង និងពង្រីក វិសាលភាព នៃយន្ដការទាំងពីរនេះ នៅគ្រប់ថ្នាក់រដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាពិសេសនៅថ្នាក់ខេត្ត ស្រុក ឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ដែលមិនទាន់មានសេវានេះ។

ឯកឧត្តម បន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានអញ្ជើញចូលរួម និង ថ្លែងអំណរគុណចំពោះការគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងដំណើរការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម គឺការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម ។

ជាចុងក្រោយឯកឧត្តម ស៊ាក ឡេង ក៏បានផ្តាំផ្ញើ ដល់ មន្ទីរ អង្គភាព ដៃគូពាក់ ព័ន្ធនានា បន្តចូលរួមគាំទ្រក្នុងកិច្ចដំណើរការយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទទួលជោគជ័យ ពិតមែនតែអង្គសិក្ខាសាលាមានរយៈពេលខ្លី តែរាល់ខ្លឹមសារមានសារៈសំខាន់ ណាស់ក្នុងការយកទៅអនុវត្ត លោក លោកស្រី សមាជិក សមាជិកាត្រូវយកចិត្តទុកដាក់តាមដាន សូមជម្រាបថា ផ្អែកលើលទ្ធផលនៃការផ្ដល់សេវារដ្ឋបាល បានបង្ហាញឱ្យឃើញនូវ លទ្ធផលជាវិជ្ជមានគួរជាទីមោទន: ដោយការិយាល័យទាំងពីរនេះ បាននឹងកំពុងប្រតិបត្តិការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ ដោយបានបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវា និងបានផ្ដល់សេវារដ្ឋបាល ទាំងនេះប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ៕