បណ្តាញសង្គម

ក្រោយមានសិស្សដួលសន្លប់នៅស្រុកក្រូចឆ្មារ អាជ្ញាធររៀបចំវេទិកាផ្សព្វផ្សាយការការពារសុខភាព អាហារហូបចុកដល់អាណាព្យាបាល និងសិស្ស

ក្រោយមានករណីសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅអនុ-វិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាប៉ុន្មានថ្ងៃនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល

បានរៀបចំវេទិកាផ្សព្វផ្សាយការការពារសុខភាព អាហារហូបចុកដល់អាណាព្យាបាល និងសិស្ស ដើម្បីឲ្យបានស្វែងយល់ និងចូលរួមទាំងអស់គ្នាកាត់បន្ថយហេតុការណ៍នេះ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានថ្លែងឲ្យដឹងថា ដោយមានការណែនាំពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំបានសហការជាមួយមន្ត្រីសុខាភិបាលខេត្ត អាជ្ញាធរ មូលដ្ឋាន អាណព្យាបាលសិស្ស រៀបចំវេទិកាផ្សព្វផ្សាយការការពារសុខភាព អាហារ ហូបចុក ដល់បងប្អូនប្រជាពលរដ្ឋ ជាអាណាព្យាបាល និងសិស្ស នៅភូមិ១ ភូមិ២ ភូមិ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ហើយថ្ងៃស្អែកយើងនឹងបន្តធ្វើវេទិកាផ្សព្វផ្សាយនៅឃុំក្រូចឆ្មារទៀត»។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មានសិស្សវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មារ ចំនួន១០នាក់បន្ថែមទៀតហើយ បានដួលសន្លប់ និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

បើតាមលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ក្នុងចំណោមសិស្សទាំង ១០នាក់ដែលបន្ដដួលសន្លប់នេះ មានអ្នកជំងឺចាស់ដែលដួលសន្លប់ពីថ្ងៃមុន៦នាក់ និងថ្មី៤នាក់ ហើយបើសរុបទាំងនៅថ្ងៃនេះ ចំនួនសិស្សដែលបានដួលសន្លប់កើនឡើងសរុបចំនួន៥២នាក់។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ សិស្សអនុ-វិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រមាណ៤០នាក់ បានដួលសន្លប់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែសម្រាប់ស្ថានភាពជំងឺវិញ បានធូរស្រាលខ្លះហើយ មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

តាមការសន្និដ្ឋានពីការដួលសន្លប់អាចមកកត្តាមួយចំនួនរួមមាន៖ *ទី១៖ កត្តាបរិស្ថាន៖ អាចផ្សែងចេញពីឡឥដ្ឋ ខាងក្រោយវិទ្យាល័យចំងាយប្រហែល ២០០ម៉ែត្រ និងឡដុតសំរាមក្នុងសាលា និងអាកាសធាតុក្ដៅហប់ *ទី២៖ កត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ សម្រាកមិនគ្រប់គ្រាន់ ក្នុងនោះអ្នកជំងឺខ្វះជាតិស្ករ, ខ្វះជាតិកាល់ស្យូម ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់៕