បណ្តាញសង្គម

ក្បាលដីនៅភូមិកោះថ្មសរុបចំនួន១២៥០ក្បាលដី ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ និងរងចាំការកែតម្រូវរយៈ១៥ថ្ងៃ

លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុង ឯកសារ

នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ទាំងថ្ងៃបុណ្យទានផ្សេងៗ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។

នាឱកាសនោះលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា ៖ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី ហើយត្រូវបានបិទផ្សាយរយៈពេល១៥ថ្ងៃ ក្នុងករណីឃើញថា ត្រឹមត្រូវហើយសាម៉ីខ្លួនត្រូវផ្ដិតមេដៃទទួលស្គាល់ តែបើឃើញមិនត្រឹមត្រូវ សាម៉ីខ្លួនអាចដាក់ពាក្យជាមួយមន្ត្រីជំនាញ ដើម្បីស្នើសុំធ្វើការកែតម្រូវឡើងវិញ។

លោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីឲ្យគាត់នាំគ្នាមកពិនិត្យទិន្នន័យក្បាលដី របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីឲ្យមន្ត្រីជំនាញពិនិត្យនិងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះតែប៉ុណ្ណោះ។

លោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ បានបញ្ជាក់ថា ៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះការបិទផ្សាយជាសាធារណៈនេះ ស្ថិតក្នុងដំណាក់មួយនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងឈានដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាការរួមចំណែកកាត់បន្ថយជម្លោះដីធ្លី សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការ ពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គមផងដែរ។

បើតាមរបាយការណ៍របស់លោក ហ៊ីង វិចិត្រ ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យស្រុកមេមត់ បានឲ្យដឹងថា ៖ ក្រុមការងារបានចាប់ផ្ដើមអនុវត្តការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុង ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ចំនួន០១ភូមិ គឺភូមិចាន់ទូង ដែលមានក្បាលដីសរុបចំនួន១៧៦៨ក្បាលដី។

នៅថ្ងៃនេះ ក្រុមការងារបានធ្វើការបិទប្រកាសផ្សព្វផ្សាយនូវទិន្នន័យជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ឃុំទន្លូង មានចំនួន ០១ភូមិ គឺភូមិកោះថ្ម ដែលមានក្បាលដីសរុបចំនួន១២៥០ក្បាលដី ក្នុងនោះមានក្បាលដីបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការអនុវត្តបទបញ្ជាលេខ ០១ ប.ប ផងដែរ៕