បណ្តាញសង្គម

មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ដល់មន្ត្រីសង្ឃ និងអាចារ្យទូទាំងខេត្ត

នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានធ្វើសន្និបាតផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ

មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ដល់មន្ត្រីសង្ឃ និងអាចារ្យទូទាំងខេត្ត ក្រោមធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ។

លោក ហាក់ ហ៊ុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការបើកទូលាយគ្រប់សាសនាទាំងអស់ទូទាំងប្រទេស ឲ្យពលរដ្ឋគោរពប្រតិបត្តិដោយសេរី ពិសេសបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ដោយឡែកចំពោះខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ តែងតែយកចិត្តទុកដាក់គិតគូរសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងវិស័យសាសនានៅក្នុងខេត្ត ចូលរួមលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងពិធីបុណ្យជាតិពាក់ព័ន្ធនឹងសាសនានានា ។

លោក ហាក់ ហ៊ុន ឲ្យដឹងថាក្នុងខេត្តត្បូងឃ្មុំ មានសាសនាចំនួន០៤ កំពុងតែមានសកម្មភាពគឺ -ព្រះពុទ្ធសាសនា មានវត្តសរុបចំនួន២៥៩វត្ត មានព្រះសង្ឃសរុប៣០១២អង្គ, -ព្រះពុទ្ធសាសនាមហាយាន មានវិហារសរុបចំនួន ០៣កន្លែង សាសនិកសរុប ៦៣នាក់ ស្រី៥២នាក់, -ឥស្លាមសាសនា មានវិហារសរុបចំនួន ១៣៤កន្លែង សូរ៉ាវមាន២៥២កន្លែង មានចំនួន២៧៤៧៤គ្រួសារ និងគ្រឹស្តសាសនាមានវិហារសរុប១៤ ស្នាក់ការថ្វាយបង្គំចំនួន១៧ និងមានសាសនិកចំនួន១៤២២នាក់។

ក្នុងឱកាសនោះឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរធម្មការ និងសាលាគណៈខេត្ត ដែលរៀបចំសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ ក្នុងគោលបំណងថែរក្សាកិត្យានុភាព សេចក្តីថ្លៃថ្នូរ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពទាក់ទាញ និងជំនឿជឿជាក់ពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានា ទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើចំនួន ០៤ចំណុច ដល់មន្ទីរធម្មការ ក៍ដូចជាមន្ត្រីសង្ឃទូទាំងខេត្ត សម្រាប់ជំរុញតាមទីអារាម ឲ្យកាន់តែល្អប្រសើរ៖ ១-សាលាគណខេត្តត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា ដើម្បីអនុវត្តនូវខ្លឹមសារសង្ឃប្រកាសនេះអោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានកិត្យានុភាព និងគុណតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

២-គ្រប់វត្តអារាមទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថានវត្ត អោយមានសោភណភាព ថែរក្សាក្បួនច្បាប់ផ្សេងៗ អោយបានល្អ ដើម្បីអោយសមទៅនឹងពាក្យថា វត្តអារាមគឺជា ទីបូជនីយដ្ឋាន និងជាឃ្លាំងសម្រាប់ផ្ទុកនូវក្បួនច្បាប់ គម្ពីរដីកា ទំនៀមទំលាប់ប្រពៃណី អក្សរសាស្ត្រជាតិ។

៣-ព្រះមន្ត្រីសង្ឃ ព្រះគ្រូធម្មកថិក ដែលមានតួនាទីក្នុងការទេសនា អប់រំផ្សព្វផ្សាយ ចរិយាធម៌ ព្រះពុទ្ធសាសនា ដល់ពុទ្ធបរិស័ទ ត្រូវអប់រំផ្សព្វផ្សាយដោយបញ្ញាបនូវគុណវិបត្តិ និងផល ប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់យុវភិក្ខុសាមណេរ និងប្រជាបរិស័ទទូទៅអោយបានទូលំទូលាយ ។

៤-រាល់ការសាងសង់សំណង់សាសនា ត្រូវមានប្លង់ប្រកបដោយរចនាបថខ្មែរត្រឹមត្រូវ ៕