បណ្តាញសង្គម

ប្រកាសតែងតាំង លោក សុខរតនា ជាអនុប្រធានមន្ទីររៀបចំដែនដីខេត្តត្បូងឃ្មុំ, អភិបាលរងខេត្ត ណែនាំរួមសាមគ្គីខិតខំប្រឹងប្រែងបំរើសេវាវិស័យដីធ្លីជូនពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់

នារសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករាអភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំង លោក សុខរតនា

ជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តត្បូងឃ្មុំថ្មី ។

ក្នុងឱកាសនោះ លោក ប៉ូច សុធារិទ្ធប្រធានមន្ទីរសូរិយោដីខេត្ត ឡើងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង សម្រេចបានលទ្ធផលការងារយ៉ាងល្អយ៉ាងច្រើន ក្នុងការបំពេញសេវានានាពាក់ព័ន្ឋនឹងវិស័យដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និងបន្តបំពេញការងារនេះឲ្យកាន់តែល្អទ្វេឡើងបន្ថែមទៀត។

លោក សុខ រតនា ដែលទើបតែងតាំងជាអនុប្រធានមន្ទីរសូរិយោដីខេត្តថ្មី បានធ្វើការប្តេជ្ញាចិត្ត រួមសាមគ្គីផ្ទៃក្នុងឲ្យបានល្អ, មានទំនាក់ទំនងល្អជាមួយមន្ត្រីនិងថ្នាក់ដឹកនាំក្នុងមន្ទីរ, មានសហប្រតិបត្តិការការងារល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពជុំវិញខេត្ត, ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមដោយប្រកាន់ខ្ជាប់នូវ ឥរិយាបទជាមន្ត្រីរាជការទាំង០៤គឺ ឆន្ទៈម្ចាស់ការភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ, ជាពិសេសចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតលើគោលនយោបាយពាក់ព័ន្ធនឹងវិស័យដីធ្លីធ្វើយ៉ាងណាបំពេញបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមហាក់ សុខមករា បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសូរិយោដីខេត្ត ដែលបានខិតខំអនុវត្តបំពេញការងារ សម្រេចបានលទ្ធផលជាច្រើន និងផ្ដាំផ្ញើអនុប្រធានមន្ទីរដែលទើបចូលកាន់តំណែងថ្មី ព្រមទាំងមន្ត្រីទាំងអស់នៅក្នុងមន្ទីរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានទំនាក់ទំនងល្អជាមួយបណ្ដាមន្ទីរអង្គភាពអាជ្ញាធរដែនដីជុំវិញខេត្ត និងត្រូវខិតខំបំរើសេវាជូនពលរដ្ឋពាក់ព័ន្ធវិស័យដីធ្លីឲ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមលើសពីនេះ ឯកឧត្តម ហាក់សុខមករា បានណែនាំឲ្យអាជ្ញាធរក្រុងស្រុក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែមានភាពស៊ីជម្រៅ ក្នុងការពិនិត្យតាមដានស្វែងយល់អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសជម្លោះដីធ្លីកើតមាន ហើយត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយឲ្យបានសមស្រប ឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលាក្នុងគោលដៅទាក់ទាញការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។