បណ្តាញសង្គម

ក្រសួងសុខាភិបាល ចុះផ្សព្វផ្សាយការត្រួតពិនិត្យនិងច្បាប់ពាក់ព័ន្ធនឹងថ្នាំជក់ដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីបញ្ជ្រាបដល់ពលរដ្ឋក្នុងមូលដ្ឋាន មុននឹងចាប់អនុវត្តច្បាប់ការផាកពិន័យ

ឯកឧត្តម ចេង ប៊ុណ្ណារ៉ាអភិបាលរងខេត្តត្បូងឃ្មុំ និងឯកឧត្តមវេជ្ជបណ្ឌិត អុឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្ដីពី ភាព

ជាអ្នកដឹកនាំក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ឃុំ សង្កាត់ ភូមិ និងមន្ត្រីសាលាខេត្តដែលពាក់ព័ន្ធ។

ឯកឧត្តមវេជ្ជបណ្ឌិត អុឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល កម្ពុជាបានចូលអនុសញ្ញាថ្នាំជក់ នៅឆ្នាំ២០០៥ហើយបានច្បាប់ពាក់ព័ន្ធនឹងថ្នាំជក់នេះធ្វើឡើងឆ្នាំ២០១៥ នៅឡើយតែការអនុវត្តការផាកពិន័យ ដូច្នេះហើយទើបនាថ្ងៃនេះ បានបានចុះផ្សព្វផ្សាយតាមបណ្តាខេត្តនៅថ្នាក់ក្រោមជាតិ ឲ្យបានទូលំទូលាយដល់មូលដ្ឋាន ឲ្យពលរដ្ឋបានយល់ និងផ្លាស់ប្តូរ មុននឹងអនុវត្តន៍ក្នុងការផាកពិន័យ។

ឯកឧត្តមវេជ្ជបណ្ឌិត អុឹង ភីរុន ឲ្យដឹងទៀតថាតាមស្ថិតិក្នុងឆ្នាំ២០១១ អត្រាអ្នកជក់បារីមានការថយចុះក៍ពិតមែន តែនៅតាមជនបទនៅតែមានកម្រិតខ្ពស់ ដែលទាមទារឲ្យគ្រប់អ្នកពាក់ព័ន្ធ ពិសេសសិក្ខាកាមដែលចូលរួមនាពេលនេះ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករ អាជីវករ ដែលមានទាំងចំណេះដឹង អំណាច កិត្តិយស មានឥទ្ធិពល ក្នុងការបញ្ជ្រាបដល់មូលដ្ឋានទូទាំងខេត្ត ក្នុងន័យរួមគ្នាលុបបំបាត់ផ្សែងបារី ទូទាំងខេត្តព្រោះថាការជក់បារី ប៉ះបាល់ខ្លាំងបំផុតទាំងអ្នកជក់ និងអ្នកស្រូបផ្សែង ដែលបង្កើតមានជំងឺរាប់មិនអស់នៅក្នុងខ្លួន ពិសេសសួត និងថ្លើម។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ាអភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថាសម្រាប់ខេត្តត្បូងឃ្មុំ ការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀតក្នុងវិស័យសុខាភិបាល។

ឯកឧត្តម បន្តថាដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រោះថ្នាក់បណ្តាលមកពីការស្រូបផ្សែងបារីនៅខេត្តត្បូងឃ្មុំទាំងមូល គ្រប់ស្ថាប័ន សហគមន៍ អង្គការជាតិ និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ត្រូវសហការគ្នាដើម្បីអនុវត្តនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានសំណូមពរមន្ទីរពាក់ព័ន្ធត្រូវតែរួមគ្នាជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលបានចូលជាធរមានកាលពីថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៥ បង្កើនការយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សាធារណជន និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេសអប់រំដល់សាធារណជនអំពីគ្រោះថ្នាក់នៃការជក់បារី និងការស្រូបផ្សែងបារី, ធ្វើការជំរុញការងារអធិការកិច្ចផលិតផលថ្នាំជក់, ពង្រីកកម្មវិធីទីកន្លែងធ្វើការ ទីសាធារណៈគ្មានផ្សែងបារី, ផ្តល់ចំណេះដឹងពីផលវិបាកនៃការប្រើប្រាស់ថ្នាំជក់ និងជំរុញការលះបង់ការជក់បារីនៅតាមសេវាសុខភាពសាធារណៈ និងសហគមន៍ ។