បណ្តាញសង្គម

បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សាថ្មីវិទ្យាល័យល័យហ៊ុនសែនតំបែរ៖ អភិបាលខេត្តត្បូងឃ្មុំ ណែនាំសិស្សានុសិស្ស ខិតខំពង្រឹងចំណេះដឹងជំនាញ ពិសេសភាសានិងកុំព្យូទ័រ ព្រោះទីផ្សារការងារបច្ចុប្បន្ន មានការប្រកួតប្រជែងខ្លាំងណាស់ ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍន៍

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹងជំនាញរបស់ខ្លួនឲ្យរឹងមាំ ព្រោះថាទីផ្សារការងារបច្ចុប្បន្ន

មានការប្រកួតប្រជែងខ្លាំង ដែលទាមទារក្មួយៗត្រូវមានសមត្ថភាពមានចំណេះដឹង មានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ជាពិសេសភាសានិងកុំព្យូទ័រ ក្នុងការស្វែងរកការងារបានតាមសេចក្តីប្រាថ្នា ដែលជាប្រកួតប្រជែងចាប់យកឳកាសការងារ បន្ទាប់ពីការប្រកួតប្រជែងនៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ គឺដោយសារប្រទេសជាតិស្ថិតក្រោមការដឹកនាំដ៍ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនេះ ដែលទាមទារអ្នកមានសមត្ថភាពចេះពិតប្រាកដ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បុងឃ្មុំ ថ្លែងបែបនេះទៅកាន់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងវិស្វកម្ម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ៤ជាន់ ស្មើនឹង៥៦បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃវិទ្យាល័យហ៊ុនសែន តំបែរ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាស្រុកតំបែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អំពាវនាវកុំឲ្យក្មួយៗបោះបង់ចោលការសិក្សា ព្រោះថាមានតែចំណេះវិជ្ជានោះទេ ដែលជាទ្រព្យគាប់ប្រសើរ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល ហើយប្រសិនបើក្មួយៗ ចង់រៀនបន្ត តែជួបបញ្ហាណាមួយ មិនមានលទ្ធភាព អាចបន្តការសិក្សាបានសុំជូនដំណឹងមកមេភូមិ មេឃុំ អភិបាលស្រុក ក្រុមការងារ និងមករូបឯកឧត្តមផ្ទាល់ ដើម្បីពិនិត្យនិងដោះស្រាយតាមស្ថានភាពជាក់ស្តែង។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំបន្ថែមផងដែរឲ្យសិស្សានុសិស្សលេងកីឡាឲ្យបានគ្រប់ៗគ្នា ថែរក្សាសុខភាពឲ្យបានល្អ ព្រោះថាជោគជ័យលើការសិក្សា និងទៅកាន់អនាគត សុខភាពនេះហើយជាកត្តាចម្បង ព្រមទាំងឲ្យរួមគ្នាថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាត ឲ្យដូចរូបសម្រស់ដ៍ស្អាតល្អដូចក្មួយៗផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រកាសផងដែរថា រដ្ឋបាលខេត្តនឹងដាក់ភ្លើងបំភ្លឺផ្លូវតាមបណ្តោយផ្លូវក្នុងខេត្ត អោយហើយមុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់នាពេលខាងមុខនេះ ពិសេសធ្វើសួនច្បារនៅមាត់ទន្លេសិប្បនិម្មិត ដោយមានរៀបចំដាំផ្កា កន្លែងហាត់ប្រាណ និងដាក់ឲ្យជាតំបន់ហ្វ្រីវាយហ្វាយ(Smart Area Free Wifi)ផងដែរ សម្រាប់ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចែកជូនថវិការដល់លោកគ្រូអ្នកគ្រូ គ្រូពេទ្យ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក. កងវិស្វកម្ម កងកម្លាំង ក្នុងម្នាក់២០.០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ ៥.០០០រៀលផងដែរ៕