បណ្តាញសង្គម

សម្ពោធសមិទ្ធផលនានាក្នុងវត្តក្បាលបឹងសេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ យើងត្រូវរួមគ្នាការពារសុខសន្តិភាព ពីព្រោះទំរាំប្រទេសកម្ពុជាសុខសាន្តបាន៤១ឆ្នាំរហូតដល់សព្វថ្ងៃនេះ ដោយឆ្លងកាត់សង្គ្រាមការឈឺចាប់ជិត៥០០ឆ្នាំ

ជិត៥០០ឆ្នាំទើបប្រទេសជាតិកម្ពុជាយើងមានសុខ សន្តិភាព និងការអភិវឌ្ឍន៍ សុខសាន្តបាន៤១ឆ្នាំកន្លងទៅរហូតដល់សព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន

ការពារថែរក្សាឲ្យបានដាច់ខាត ដោយមិនត្រូវចាញ់បោកជនអគតិ និងបរទេសមួយចំនួនដែលព្យាយាមបំផ្លិចបំផ្លាញស្ថេរភាពនយោបាយ និងសុខសន្តិភាពរបស់ប្រទេសយើងឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រមាណ៣០០០នាក់យ៉ាងដូច្នេះ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៍ខ្ពស់ខ្ពស់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន សម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាន់ខ្ពស់ក្រសួងដែនដី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព គ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍លើកឡើងថា ប្រទេសជាតិយើងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលកំពុងដើរទន្ទឹមគ្នា ក្នុងនោះរាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាវត្តអារាម សាលារៀន មន្ទីពេទ្យ ផ្លូវ ស្ពាន តបណ្តាញអគ្គីសនីជាដើម ។ល។

ដើម្បីសម្រួលដល់ការប្រតិបត្តិជំនឿ ការរស់នៅ និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបញ្ជាក់ថា តែទោះជាយ៉ាងណា ក៍នៅតែមានជនអគតិមួយចំនួនតូច និងបទេសមួយចំនួនផងនោះ បានព្យាយាមម្តងហើយម្តងទៀតបង្កចលាចលបំផ្លិចបំផ្លាញសុខសន្តិភាព ពោលគឺពួកគេមិនចង់ឃើញប្រជាជនកម្ពុជាយើងរស់នៅ មានសេចក្តីសុខក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះឡើយ ។

ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាប្រឆាំងជនក្បត់ជាតិទាំងនោះ ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដឹកនាំកម្ពុជាពោរពេញដោយភាពរីកចម្រើន និងសុខសន្តិភាពពេញលេញ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា យើងមើលឃើញហើយថា ប្រទេសកម្ពុជាមានប្រជាជនប្រតិបត្តិសាសនាជាច្រើន តាមជំនឿរៀងៗខ្លួន ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រឹះជាដើម តែយើងអាចរស់នៅសុខដុមជាមួយគ្នាបានយ៉ាងល្អ ។

អ្វីដែលសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ជំនឿសាសនាបែបនេះ ដោយពឹងផ្អែកលើការផ្តល់សេចក្តីទុករបស់ប្រជាជនទូទាំងប្រទេស ដូច្នេះឯកឧត្តមបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយបន្តជឿជាក់បោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិគ្រប់ៗអាណត្តិតរៀងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បាននាំយកថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ទៅប្រគេនគណៈកម្មការ និងព្រះចៅអធិការវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ទុកសំរាប់បង្រ្គប់ថ្លៃជាងសាងសង់និងកសាងបន្តចំនួន ១៧,០០០ដុល្លារ ព្រមទាំង ឧបត្ថម្ភថវិកាដល់វិទ្យាល័យក្បាលអូរ២លានរៀល អនុវិទ្យាល័យក្បាលអូរ១លានរៀល និងសាលាបឋមសិក្សាក្បាលអូរ៥០ម៉ឺនរៀល ក៍ដូចជាចែកជូននូវក្រណាត់ស សារ៉ុង សម្ភារៈសិក្សា និងថវិការដល់លោកតាលោកយាយលោកគ្រូអ្នកគ្រូ គ្រូពេទ្យ និងសិស្សានុសិស្សដែលបានចូលរួមនាឱកាសនោះផងដែរ៕