បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណ២មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងក្រម ស្រុកមេមត់!!

ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ

នៅបឹងក្រម ឬត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។

ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បើតាមលោកយាយ លោកតាដំណាលប្រាប់។

ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណ២០០០០នាក់ដែលមកពីទីជិតឆ្ងាយ មានមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ ។

ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ ។

ទាំងនេះគឺដោយសារប្រទេសមានសន្តិភាពនិងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងសុខសន្តិភាពពេញផ្ទៃប្រទេខ ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្ត ពីឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវផងដែរ។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ១៤ និងថ្ងៃទី១៥ ។

នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៣និងថ្ងៃទី១៤ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។

ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ ។

ហើយបន្ទាប់គឺ នៅថ្ងៃទី១៥ គឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណ២ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ និងទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រីនេះដែរ ។

សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ជារៀងរាល់ឆ្នាំ។

ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រី ក្នុងពិធីនេះ ដោយតំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕