បណ្តាញសង្គម

យុវជនសកម្មកាងារមូលដ្ឋានចំនួន២៩នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធាន អនុប្រធាន សមាជិក សមាជិការ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមន្ទីរបក្សស្រុកពញាក្រែក រៀបចំពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែកចំនួន២៩នាក់

ក្រោមអធិបតីភាពឯកឧត្តម ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកពញាក្រែក ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពី អនុប្រធានយុវជនបក្សខេត្ត ប្រធានបក្សស្រុកពញាក្រែក ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជាង១៤៥នាក់។

បន្ទាប់ពីប្រគល់សេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព ក្រុមការងារយុវជនគណបក្ស ស្រុកពញាក្រែក ជូនដល់លោក លី មួយស្រេង ប្រធានក្រុមការងារយុវជនគណបក្សស្រុកដែលទើបតែងតាំងថ្មីរួចមក ថ្លែងនាឱកាសនោះ ឯកឧត្តម ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកពញាក្រែក បានបញ្ជាក់ថា ៖

ក្រុមការងារយុវជនគណបក្សស្រុក ដែលបានប្រកាសទទួលស្គាល់ទាំង២៩រូប នាថ្ងៃនេះ គឺជាកម្លាំងថ្មីបន្ថែម ដើម្បីសម្របសម្រួលលើការងារចលនាយុវជនជាមួយក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានសំដៅបង្កើននូវជំហរឆន្ទៈនយោបាយ និងលើកកម្ពស់តួនាទីយុវជនរបស់គណបក្សហ៊ាន លះបង់អ្វីៗដើម្បីជួយគណបក្សដោយឥតលក្ខខណ្ឌ ក្នុងការឆ្ពោះទៅបោះឆ្នោតផងដែរ ។

ឯកឧត្តម ឡេង តុង បានផ្តាំផ្ញើដល់យុវជនគណបក្សស្រុកពញាក្រែក ដែលទើបតែងតាំងថ្មីទាំងអស់ ដែលជាកម្លាំងស្នូល និងជាអ្នកបន្តវេន របស់គណបក្សស្រុកត្រូវ ខិតខំថែរក្សា និងការពារស្នាដៃ និងសមិទ្ធផលនានា របស់គណបក្ស មានគោលជំហរ ស្មារតី និងភាពស្មោះត្រង់ ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការ ដល់ក្រុមការងារក្នុងការគ្រប់គ្រងពង្រឹងនិងពង្រីកសមាជិកបក្សបន្ថែមទៀត មានកិច្ចសហការល្អ ជាមួយប្រជាជនមហាជន និងយុវជនផងដែរ។

លើសពីនេះ ត្រូវចុះជាប់ជាមួយប្រជាជន និងសមាជិកបក្ស ដើម្បីក្តាប់ជាប់ពីសភាពការណ៍ នៅមូលដ្ឋាន និងត្រូវចេះតស៊ូមតិ និងធ្វើការវាយបក អោយទាន់ពេលវេលា ចំពោះការមួលបង្កាច់ ឬបំផ្លើសការពិតណាមួយពីក្រុមប្រឆាំង និងមជ្ឃដ្ឋានអគតិនានា មកលើរាជរដ្ឋាភិបាល និងគណបក្ស។

ឯកឧត្តម ឡេង តុង បន្តថា “យុវជនត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន រួមទាំងភាសាបរទេស និងព័ត៌មានវិទ្យា ពោលគឺយុវជនត្រូវខិតខំជួយ ដល់ការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ អោយមានការរីកចម្រើន និងសំបូររុងរឿង ដូចអច្ឆរិយ:ប្រទេសនានា លើសកលលោក”៕