បណ្តាញសង្គម

ក្បាលដីចំនួន៤.៧៦៣ ស្មើនឹង៣ភូមិ នៅឃុំកណ្ដោល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

ក្បាលដីចំនួន៤.៧៦៣ ស្មើនឹង៣ភូមិ នៅឃុំកណ្ដោល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីមកពិនិត្យនិងកែតម្រូវឡើងវិញចំនួន១៥ថ្ងៃ ក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ។

ពិធីបិទផ្សាយនេះធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានលោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានកោតសរសើរចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។

លោក បានបន្តទៀតថា ៖ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងដោយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសវត្តិភាពនៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនិងការដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៍ជួយប្រជាពលរដ្ឋជាពិសេស គ្រួសារ និងក្រុមងាយរងគ្រោះ។

លោក ប៉ូច សុធារិទ្ធ និងលោក លី សុភាលីន បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យមានលក្ខណៈងាយស្រួលនិងឆាប់រហ័ស។

លោក ព្រមទាំងអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំង៣ភូមិ នៅក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈនៅវត្តកណ្ដោលជ្រុំ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេល១៥ថ្ងៃ (ដោយពុំគិតពីថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក់ឡើយ)។

បើតាមរបាយការណ៍របស់លោក ជា ប៊ុនណា ប្រធានគ្រប់គ្រងកាងារតំបន់វិនិច្ឆ័យស្រុកពញាក្រែក បានឲ្យដឹងថា៖ ក្រុមការងារបានចាប់ផ្ដើមអនុវត្តការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រពន្ធនៅក្នុងស្រុកពញាក្រែកនេះ ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧មកដល់ពេលនេះ គឺសំរេចលទ្ធផលដូចខាងក្រោម ៖ទិន្នន័យដែលធ្វើការប្រមូលបានមានចំនួន ២៦.២៥៨ក្បាលដី ក្នុងនោះ ទិន្នន័យបិទផ្សាយជាសាធារណៈរួច បានចំនួន២០ភូមិ ស្មើ១៦.៩៦៩ក្បាលដី។

ដោយឡែកថ្ងៃនេះ នៅឃុំកណ្ដោលជ្រុំ ត្រូវបានប្រកាសបិទផ្សព្វផ្សាយចំនួន៣ភូមិទៀត ដែលមានក្បាលដីសរុបចំនួន៤.៧៦៣ក្បាលដី ក្នុងនោះ ភូមិសុវណ្ណគម មានចំនួន២.៨៨៧ក្បាលដី ភូមិគោលល្វៀង មានចំនួន១២០៨ក្បាលដី ភូមិមនោប៊ូ មានចំនួន៦៦៨ក្បាលដី៕