បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ បើកការដ្ឋានស្តារប្រឡាយប្រវែង ៥៥០០ ម៉ែត្រ និងជួសជុលទ្វារទឹក១៥កន្លែង នៅឃុំកក់ ស្រុកពញាក្រែក

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្តារប្រឡាយប្រវែង ៥៥០០ ម៉ែត្រ និងជួសជុលទ្វារទឹក១៥កន្លែង នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ

ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ជាមួយនឹងអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ដើម្បីបន្តអភិវឌ្ឍន៍ ស្រុក ក្រុង ខេត្ត ឱ្យកាន់តែរីកសម្រើនសប្បូរសប្បាយថែមទៀត។

ឯកឧត្ដម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅឃុំកក់ ស្រុកពញាក្រែក ដែលប្រើប្រាស់ប្រឡាយ និងទ្វារទឹកជួសជុលនាពេលនេះ ត្រូវតែចូលរួមទាំងអស់គ្នាថែរក្សា ដើម្បីបម្រើប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំកក់នេះ ធ្វើការប្រើប្រាស់ទឹកស្រោចស្រោបដំណាំនានា បានងាយស្រួលសម្រួលក្នុងការប្រើប្រាស់ទឹក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បន្តទៀតថា ៖ ប្រឡាយនិងទ្វាទឹកទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋយើង ក្នុងការបង្កបង្កើនផលចិញ្ជឹមជីវិត ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះហើយ ទើបអាជ្ញាធរខេត្តបានជំរុញឱ្យមន្ទីរពាក់ព័ន្ធទូទាំងខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាមួយនិងដៃគូរអភិវឌ្ឍន៍ ស្វះស្វែងរកប្រភពថវិកា ធ្វើការ ស្ដារប្រឡាយនិងជួសជុលទ្វារទឹកទាំង១៦កន្លែង ដែលរងការខូចខាតនៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបានជាបន្តបន្ទាប់។

បើតាមរបារការណ៍របស់លោក មិត្រ ផល្លី ប្រធានសម្របសម្រួលគម្រោងបឹងទន្លេសាបថ្នាក់ខេត្ត បានឲ្យដឹងថា ៖ គម្រោងស្ដារប្រឡាយ និងជូសជុលទ្វារទឹក មានទីតាំងនៅភូមិ ( ទឹកយ៉ង ពន្លៃ ត្រពាំងស្ទៀង បុស្សទី និងកញ្ចែ) ស្ថិតឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ គម្រោងមានប្រវែងសរុប ៥.៥០០ម៉ែត្រ បាតប្រឡាយប្រវែង៤ម៉ែត្រ ខ្នងខាងស្ដាំ៤ម៉ែត្រ និងខ្នងខាងឆ្វេង២ម៉ែត្រ មានសំណង់ទ្វារទឹក និងលូ សរុប១៦កន្លែង (ជួសជុលសំណង់ចាស់ចំនួន៧កន្លែង និងសាងសង់ថ្មី៨កន្លែង) មានគ្រួសារដែលទទួលផលសរុប១.០៤៩គ្រួសារ ស្មើរនិង១.១៨៨នាក់ ស្រី៨០៤នាក់ ស្រោចស្រពដំណាំងស្រូវបានចំនួន១.៤៦៨ហិចតា ។

គម្រោងនេះមានតម្លៃសរុបចំនួន ២២១,៦៥៤.៩១ដុល្លា ជាការឧបត្ថមរបស់ធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គម្រោងមានរយៈពេល៧ខែ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕