បណ្តាញសង្គម

ខ្លោងទ្វារ និងអំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រី ជុំវិញទីរួមខេត្តត្បូងឃ្មុំ នឹងបំពាក់រួចរាល់មុនចូលឆ្នាំខ្មែរ «សង្ក្រាន្តត្បូងឃ្មុំ »

ខេត្តត្បូងឃ្មុំ ថ្វីត្បិតជាខេត្តកូនពៅ ទើបបង្កើតថ្មី តែអគាររដ្ឋបាលខេត្តដ៍ធំស្កឹមស្កៃ ហេដ្ឋារចនាសម្ព័ន្ធនានា មន្ទីរពេទ្យភូមិភាគ សាលារៀន សាកលវិទ្យាល័យ

សាលាឧទ្ធរណ៍ ផ្លូវធំៗខ្វាត់ខ្វែង សួនច្បារអមដោយផ្កាចម្រុះជាដើម បានលេចរូបរៀងឡើងជាបន្តបន្ទាប់។

បន្ថែមពីនេះ ដើម្បីលើកសម្រស់សោភ័ណភាពនាពេលរាត្រីទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ ឲ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង ក៍ដូចជាបំភ្លឺផ្លូវសម្រាប់ធ្វើដំណើរ បញ្ចៀសនូវគ្រោះថ្នាក់ចរាចរផងនោះ បន្ទាប់ពីបើកកិច្ចប្រជុំជាមួយខាងក្រុមហ៊ុន ដែលរៀបចំ និងកំពុងអនុវត្តន៍លើគម្រោងមួយនេះ នាពេលកន្លងមកនោះ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយតំណាងខាងក្រុមហ៊ុន បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងដាក់ខ្លោងទ្វារចូលតំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងទីតាំងដាំបង្គោលភ្លេីងពីក្រុងសួង ដល់រង្វង់មូលព្រះធាតុ និងពីផ្លូវជាតិលេខ៧ ចូលដល់សាលាខេត្ត អោយរួចរាល់មុនថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ នាពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺជួយសម្រួលដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រមទាំងឡានដឹកទំនិញតូចធំធ្វើដំណើរឆ្លងកាត់ទាំងយប់ទាំងថ្ងៃរៀងរាល់ថ្ងៃផងដែរ ជាពិសេសបានជួយលើកសម្រស់ និងសោភ័ណភាពខេត្ត នាពេលរាត្រី ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តឲ្យបានកាន់តែច្រើន។

ឯកឧត្តមបណ្ឌិត បន្ថែមថា ភ្លើងបំភ្លឺផ្លូវនេះ នឹងដំឡើងរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ មកចូលរួមកំសាន្ត គយគន់សម្រស់រដ្ឋបាលប្រមូលផ្តុំជុំវិញខេត្តនាពេលរាត្រី ពិសេស«សង្ក្រាន្តត្បូងឃ្មុំ»ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើង ធ្វើធំជាងឆ្នាំកន្លងទៅ ដោយមានក្លោងទ្វារសង្ក្រាន្ត ការលេងល្បែងប្រជាប្រិយខ្មែរជាដើម ជាងនេះទៅទៀតមានការប្រគុំតន្ត្រី រាំលេងកំសាន្ត ទស្សនាស្តង់ពិពរណ៍ពាណិជ្ជកម្ម និងមានការបាញ់កាំជ្រួច ក៍ដូចជាកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។

ដូចអ្វីដែលឯកឧត្តមបណ្ឌិត អភិបាលខេត្ត ខិតខំកែលម្អ លើកសម្រស់ខេត្តពីមួយថ្ងៃទៅមួយថ្ងៃនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្បែរបង្គោលភ្លើង បន្ទាប់ពីក្រុមហ៊ុនបានតម្លើងរួចរាល់ហើយ សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈឲ្យបានយូអង្វែង៕