បណ្តាញសង្គម

សម្ពោធសមិទ្ធិផលនានា ក្នុងវត្តស្រែសៀម មានតម្លៃជាង១៣មុឺនដុល្លារ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ក្រោមការដឹកនាំសម្ដេចតេជោ មានសុខសន្តិភាព សេដ្ឋកិច្ចរីកចម្រើនរឹងមាំ ទាំងពុទ្ធចក្រ និងអណាចក្រ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព កាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលផលនានាក្នុងវត្តអង្គនារាម ហៅវត្តស្រែសៀម ក្នុងឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានតម្លៃជាង១៣មុឺនដុល្លារ និងបានប្រគេន២មុឺនដុល្លារ ដែលវត្តនៅជំពាក់ថ្លៃជាងផងដែរ។

ក្នុងនោះក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដែនដី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធិផលយ៉ាងច្រើនក្នុងវិស័យពុទ្ធចក្រដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់គោរពប្រតិបត្តិក្នុងវត្តស្រែសៀមនាពេលនេះ ផ្ដើមចេញដោយកត្តាសុខសន្តិភាពពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវពីសំណាក់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៍បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿង នៃសង្គមជាតិយើង។

ជាពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត៕