បណ្តាញសង្គម

សម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលសង្កាត់វិហារលួង, អភិបាលខេត្តត្បូងឃ្មុំ៖ ដោយសារសន្តិភាព ទើបសង្កាត់វិហារលួង មានការអភិវឌ្ឍន៍ និងប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួង ឲ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយសារសន្តិភាព ដែលសម្តេចតេជោហ៊ុនសែន និងសម្តេចពញាចក្រី ហេង សំរិន

រួមទាំងឥស្សរជនទាំងអស់ ខិតខំយកមកបាន និងថែរក្សាការពាររហូតមកដល់សព្វថ្ងៃនេះ ទើបសង្កាត់វិហារលួង ក៍ដូចជាសង្កាត់ និងឃុំទាំង៦៣ទៀត ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើន ធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធារ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងប្រាប់ប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការទូទាំងក្រុងសួងបែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសង្កាត់វិហារលួង និងសមិទ្ធផលនានា ក្នុងសាលាសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០២០នេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ លើកឡើងបន្តថា សង្កាត់វិហារលួង និងសង្កាត់សួង ក្នុងក្រុងសួង បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា កែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវ ពីផ្លូវដីមកក្រាលគ្រួសក្រហម ដោយបន្តចាក់បេតុងនិងអ៊ុតកៅស៊ូ ធ្វើនិងជួសជុលប្រព័ន្ធលូ ដាំបង្គោលបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ លម្អសោភ័ណ្ឌភាពនាពេលរាត្រី ធ្វើសួនច្បារផ្កាចម្រុះពណ៍ ពិសេសថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថាចំនុចទាំងអស់ខាងលើនេះហើយដែលត្រូវបន្តកសាង និងកែលម្អដោយប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួង ឲ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ តែថាបើចង់សម្រេចទៅបាននោះ គឺត្រូវមានការចូលរួមពីគ្រប់ភាគី ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅទីនេះ រួមគ្នាចាត់ទុកគ្រប់កន្លែងទាំងអស់នៅទីក្រុងសួង ឲ្យដូចជានៅកន្លែងធ្វើការ និងផ្ទះរបស់ខ្លួនដូចគ្នា។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់លោកអភិបាលក្រុង ចៅសង្កាត់ រួមទាំងមន្ត្រីទូទាំងក្រុងសួង ត្រូវបន្តបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាអាណាព្យាបាលដែលប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តលើ៕