បណ្តាញសង្គម

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ដើម្បីលើកទិសដៅអនុវត្តការងារបន្ត

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា២០២០នេះ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០

ដើម្បីលើកទិសដៅអនុវត្តការងារបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍនិងក្រុមចលនាស្ត្រីខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោកជំទាវ លោកស្រី សមាជិកកិត្តិយស ដែលជាសមាជិក មកពីបណ្ដាមន្ទីរជុំវិញខេត្ត ប្រធាន/អនុប្រធានសាខា ដែលអញ្ជើញមកពីបណ្ដាក្រុង/ស្រុកជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ លោកជំទាវ នី ចាន់ធីតា បានមានប្រសាសន៍ថា ៖ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២០ របស់គណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្ដាល គណៈចលនាស្ត្រី គណៈកម្មការសាខាសមាគមនារីរាជធានីខេត្តក្រសួងស្ថាប័ននិងក្រុមចលនាស្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិកាទាំងអស់ បានយកចិត្តទុកដាក់ដឹកនាំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំតាមផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩កន្លងទៅ។

លោកជំទាវ បន្តថា ៖ ថ្នាក់ដឹកនាំនារីគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នឹងចូលរួមគាំទ្រ និងតាមដានការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ត្រី ក្នុងការលើកកម្ពស់ស្ត្រី ព្រមទាំងបានចូលរួមដោះស្រាយ បញ្ហានៅមូលដ្ឋានតាមរយៈក្រុមការងារស្ត្រី ដែលចូលរួមឧបត្ថម្ភ ជាវិភាគទានរបស់សមាជិក សមាជិកា សមាគមនារីរបស់ខេត្តត្បូងឃ្មុំផងដែរ។

លោកជំទាវ នី ចាន់ធីតា បានបន្តថា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នឹងចលនាស្ត្រីខេត្តត្បូងឃ្មុំ តែងតែបានខិតខំបំពេញអនុវត្តការងារ ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ដល់នូវថវិកា ស្បៀងអាហារ សាងសង់ ឬជួសជុលផ្ទះ ផ្ដល់អណ្ដូងទឹកស្អាត លោកឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការនិងអ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសក្នុងអំឡុងពេលគ្រោះមហន្តរាយនានា។

លោកជំទាវ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាពស្ថិរភាព និងដើម្បីសម្រេចបានជោគជ័យ នូវទិសដៅភារកិច្ចសំខាន់ៗនិងទិសដៅការងារឆ្នាំ២០២០ របស់គណៈចលនាមហាជនគណៈចលនាស្ត្រីនិងសមាគមនារីកម្ពុជាដើម្បីសន្តិភាព ទទួលបានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ នី ចាន់ធីតា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់គណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ គណៈចលនាស្ត្រី គណៈកម្មការសាខាសមាគមនារី នៅតាមបណ្ដា ក្រុង ស្រុក ក្នុងការអនុវត្តបានល្អ និងកៀងគរមូលនិធិដ៏ធំធេងពីសប្បុរសជនដែលជាស្ត្រីគំរូក្នុងសង្គម បង្កើនសមាជិកថ្មីៗរបស់សមាគមនារីខេត្ត ចំពោះការងារមនុស្សធម៌ ការងារសង្គម ការងារអភិវឌ្ឍន៍ ទទួលបានជោគជ័យបន្តទៀត៕