បណ្តាញសង្គម

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ៖ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដើម្បីស្វែងយល់និងដោះស្រាយបញ្ហា នៅតាមមូលដ្ឋានក្នុងឃុំចំនួន៣ គឺឃុំទន្លូង ឃុំត្រមូង ស្រុកមេមត់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ គណៈកម្មការវត្ត នាយកសាលា

ប្រធានមណ្ឌលសុខភាព កងកម្លាំង និងតំណាងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ក្នុងចំនួន៣ គឺឃុំទន្លូង ឃុំត្រមូង ស្រុកមេមត់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ តម្រូវការនៅមូលដ្ឋាន ក៏ដូចជាបញ្ហាប្រឈមនានា។

ក្រោយពីបានស្តាប់ការលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមរបស់តំណាងប្រជាពលរដ្ឋ ឯកឧត្តម ប្រាជ្ញ ចន្ទ បានទទួលយក និងបានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពិនិត្យនិងធ្វើការដោះស្រាយជូនពលរដ្ឋបានមួយចំនួន ដោយឡែកបញ្ហាមួយចំនួនទៀត នឹងបន្តពិភាក្សាគ្នាដោះស្រាយជាបន្ត។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាពស្ថេរភាព ពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះឯកឧត្តម តំណាងរាស្រ្ត ក៍បានគូសបញ្ជាក់ថា ៖ សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើង ត្រូវតែរួបរួមគ្នាថែរក្សាវាអោយបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ដែលទើបតែអាចបញ្ចប់សង្គ្រាម។

ឯកឧត្តម ប្រាជ្ញ ចន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានថ្លែងថា ៖ ដោយសារសន្តិភាព ដែលសម្តេចតេជោហ៊ុនសែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងឥស្សរជនទាំងអស់ ខិតខំយកមកបាន និងថែរក្សាការពាររហូតមកដល់សព្វថ្ងៃនេះ ទើបឃុំ និងសង្កាត់ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើន ធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធារ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ថ្លែងថា ៖ ទន្ទឹមនឹងនេះ ស្ថានភាពសន្តិសុខសាធារណៈ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមត្រូវបានពង្រឹងជាប់ជាប្រចាំ និងមានលក្ខណៈល្អប្រសើរ មានអំណោយផលដល់ការប្រកបមុខរបរ និងសេចក្តីសុខក្សេមក្សាន្តរប់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀត ប្រទេសកម្ពុជានិងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ ។

ឯកឧត្តម ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យចាញ់បោកជឿឃោសនារបស់ជនអគតិមួយក្រុម គឺជនក្បត់ជាតិដែលតែងតែឃោសនាបំបែកបំបាក់សាមគ្គីភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយយើងអាចមានទោសទណ្ឌ ដល់ខ្លួននិងក្រុមគ្រួសារយើងដោយមិនដឹងខ្លួនផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានសូមណូមពរ អោយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេសយកចិត្តទុកដាក់ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសវត្ថិភាព លុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕