បណ្តាញសង្គម

សម្ពោធសមិទ្ធិផលនានា ក្នុងវត្តស្អំ ចំណាយថវិការអស់ប្រមាណ៩១២លានរៀល, អភិបាលខេត្តត្បូងឃ្មុំ៖ ការលើកតម្កើងនិងរីកចម្រើនវិស័យពុទ្ធចក្រ ដោយសារកត្តាសុខសន្តិភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រដែលការរីកចម្រើនទាំងនេះ

គឺដោយសារ ប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងមហាកុដិ ផ្លូវបេតុង មហាចេតីយ៍ ឈាបនដ្ឋាន សាលតម្កល់សព និងសមិទ្ធផលនានា ក្នុងវត្តគីរីហត្ថីត្រៃសិក្ខារាម ហៅវត្តស្អំ ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងឲ្យដឹងថាខេត្តត្បូងឃ្មុំមានវត្តចំនួន២៥០វត្ត ដែលក្នុងមួយវត្តៗចំណាយថវិការមិនតិចជាង២០ម៉ឺនដុល្លារអាមេរិកនោះទេ ដោយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានមកពីថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា សប្បុរសជននានា រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត រួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកននាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានអានរបាយការណ៍ ដំណើរនៃការចាប់ផ្តើមកសាងវត្តស្អំ និងរហូតដល់បច្ចុប្បន្ននេះ ដែលសមិទ្ធផលជាច្រើនបានកសាងឡើង ដោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ចំណាយថវិការអស់ ៨០៤លានរៀល និង២៧០០៥ដុល្លារអាមេរិក។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ និងលោកជំទាវ ដោយសទ្ធាជ្រះថ្លា បានប្រគេនថវិការចំនួន៤លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីអភិវឌ្ឍបន្ថែមទៀត និងចែកជូនថវិការដល់លោកយាយជីតាជី លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូពេទ្យ សិស្សានុសិស្ស កាយរិទ្ធ យុវជន កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងកងកម្លាំងប្រជាការពារដែលបានចូលរួមផងដែរ៕