បណ្តាញសង្គម

ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញក្នុងពិធីបុណ្យផ្កាមហាសាមគ្គី កសាងឧបដ្ឋានសាលា១ខ្នង នៅវត្តមង្គលវន្ដទី២ ដើម្បីទុកសម្រាប់ឲ្យពុទ្ធបរិស័ទគោរពបូជា

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីកសាងឧបដ្ឋានសាលា១ខ្នង នៅវត្តមង្គលវន្ដទី២

ហៅវត្តស្ទឹងតូច ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។ ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ដែលជាប្រតិភូក្រសួង អភិបាល/អភិបាលរងស្រុក ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការកសាងនេះ បានធ្វើឡើងក្រោយពិនិត្យឃើញឧបដ្ឋានសាលា ដែលកសាងរួចយូរឆ្នាំមកហើយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ក្រោមការផ្ដួចផ្ដើមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានសម្រេចផ្ដួចផ្ដើមកសាងឧបដ្ឋានសាលាថ្មី១ខ្នង ធ្វើពីបេតុងប្រគេន និងជូនដល់ព្រះចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទក្នុងតំបន់នេះ។

បើតាមការអោយឲ្យដឹងពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ថា៖ (វត្តមង្គលវន្ដទី២) ហៅវត្តស្ទឹងតូច ត្រូវបានរៀបចំកសាងឡើងក្នុងឆ្នាំ១៩៩២ លើផ្ទៃដីប្រមាណ១៧,០០០ម៉ែត្រការ៉េ និងឆ្លងការគ្រប់គ្រង និងដឹកនាំកសាងសមិទ្ធផលរបស់ព្រះគ្រូចៅអធិការចំនួន៩ព្រះអង្គ។

ឧបដ្ឋានសាលាថ្មី១នេះ បានចាប់ផ្ដើមដំណើរការកសាង នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩។

គិតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ១០% ចំណាយថវិកាអស់ចំនួន៤៣,០៥៨,០០០រៀល និង៧,៥៩៩ ដុល្លារអាមេរិក។

លោក បន្តថា ៖ ការផ្ដួចផ្ដើមកសាងចេញពីស្ថានភាពដីទទេរ ដែលទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដែលមានសទ្ធាជ្រះថ្លា ជាមួយព្រះពុទ្ធសាសនា អាជ្ញាធរមូលដ្ឋានរួមនិងបងប្អូន ប្រជាពលរដ្ឋ ក្នុងតំបន់នេះ បានគៀងគរនូវ ធនធានពីសំណាក់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយកសាងបានសមិទ្ធផលនានា យ៉ាងច្រើនជាបន្ដបន្ទាប់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការកសាងនេះគឺដើម្បីទុកសម្រាប់ប្រើប្រាស់ជាទីសេនាសនៈដ្ឋាន គោរពបូជា របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែក។ ម្យ៉ាងទៀត ដោយទទួលបានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមជាមួយសប្បុរសជន ជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស ព្រះវិហារ១ខ្នង មានទំហំ២៤ គុណ១៧ម៉ែត្រ បានកសាងរួចរាល់ និងរៀបចំពិធីបុណ្យកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ បានពាំនាំនូវបច្ច័យចូលរួម បុណ្យរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចំនួន២០លានរៀល និងបច្ច័យរបស់រដ្ឋមន្ត្រី និងលោកស្រីផ្ទាល់ចំនួន២០លានរៀល ចូលរួមពិធីបុណ្យ និងបានឧបត្ថម្ភលោកគ្រូ អ្នកគ្រូ១០នាក់ ក្នុងម្នាក់ទទួលបាន៣ម៉ឺនរៀល សិស្សានុសិស្សចំនួន១៥០នាក់ ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា កាយរឹទ្ធជាតិកម្ពុជា និង សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៦០នាក់ ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល និងកងកម្លាំងការពារចំនួន៣០ម៉ឺនរៀល៕