បណ្តាញសង្គម

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះពង្រឹងសុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តរកសារធាតុគីមី ក្នុងផ្សារសួង, ជាលទ្ធផលមានគុណភាពល្អ

ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត

សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីតលើម្ហូបអាហារមួយចំនួន នៅផ្សារសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីកាំកុងត្រូលត្រួតពិនិត្យ និងធ្វើតេស្តទៅលើគំរូផលិតផលគ្រឿងសមុទ្រគ្រប់ប្រភេទ គំរូផលិតផលសរសៃគុយទាវ និងសរសៃមីលឿង ព្រមទាំងផលិតផលត្រីប្រឡាក់មួយចំនួនទៀត ដើម្បីស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ហ្វ័រ ម៉ាលីន និងបូរ៉ាក់(ទឹកអន្សារ) នៅក្នុងផលិតផលទាំងនោះ។

ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ។

លោក ប្រធានសាខាកាំកុងត្រូលខេត្តបន្ថែមថា ទន្ទឹមនោះមន្ត្រីជំនាញបានយកគំរូផលិតផលទំនិញរួមមានៈ ការ៉ុត ត្រប់ស្រួយ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងឆៃថាវ និងប៉េងប៉ោះ ដើម្បីវិភាគរកវត្តមានសំណល់ថ្នាំពុលកសិកម្មនៅមន្ទីរពិសោធន៌របស់ អគ្គនាយកដ្ឋានកាំកុងត្រូល។

ក្រៅពីនោះមន្ត្រីជំនាញបានបិទផ្ទាំងរូបភាពស្តីពីការជ្រើសរើស ម្ហូបអាហារសំរាប់បរិភោគ ហើយពន្យល់ និងណែនាំអាជីវករ ពីរបៀបមើល និងជ្រើសរើស ទំនិញមានគុណភាព និងសុវតិ្ថភាពសម្រាប់អ្នកប្រើប្រាស់៕