បណ្តាញសង្គម

ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យចំនួន ២ភូមិ ស្មើ ១.៨៦៣ក្បាលដី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ បន្ទាប់ពីត្រូវបានបញ្ចប់ការវាស់វែងជាស្ថាពរ រងចាំការកែតម្រូវរយៈពេល១៥ថ្ងៃ

(បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបីម៉ែត្រ និងភូមិតាប៉ាវ ក្នុងឃុំទួលស្នួល ត្រូវមកត្រួតពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវកុំបីខាន់ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត)នេះ

ជាការលើកឡើងរបស់លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយករងចាត់ការកម្ម វិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យចំនួន២ភូមិ ស្មើ១.៨៦៣ក្បាលដី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

ថ្លែងនាឱកាសនោះ លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានកោតសរសើរ ចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។

លោក បានបន្តទៀតថា ៖ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយសមធម៌ និងដោយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសវត្តិភាពនៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនិងការដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៍ជួយប្រជាពលរដ្ឋជាពិសេសគ្រួសារ និងក្រុមងាយរងគ្រោះ។

លោក ហ៊ីង ស៊ីថា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីស្ថិតនៅភូមិបីម៉ែត្រ និងភូមិតាប៉ាវ ក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំទាំងអស់ សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី ប្រភេទដី បញ្ជីឈ្មោះម្ចាស់ដី និងទ្រព្យកម្មសិទ្ធិដីធ្លី ដែលបានបិទប្រកាសផ្សព្វផ្សាយ ជាសាធារណៈកុំបីខកខានឡើង ដោយមន្ត្រីរបស់យើងនៅប្រចាំការនៅ កន្លែងបិទផ្សាយដើម្បីរង់ចាំជួយពន្យល់បងប្អូននិងទទួលនូវរាល់ការ សុំកែតំរូវរបស់បងប្អូនផងដែរ។

និងដើម្បីបង្កភាពងាយស្រួលដល់បងប្អូនក្រុមការងាររបស់យើងបានដាក់ទីតាំងសំរាប់បិទផ្សាយនៅវត្តបីម៉ែត្រ ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេល១៥ ថ្ងៃ។

បើតាមរបាយការណ៍របស់លោក គូ សាងីម ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យស្រុកក្រូចឆ្មារ បានបញ្ជាក់ឲ្យដឹងថា ៖ នៅថ្ងៃនេះ ក្រុមការងារបានធ្វើការបិទប្រកាសផ្សព្វផ្សាយនូវទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំទួលស្នួល ចំនួន០២ភូមិទៀត គឺភូមិបីម៉ែត្រ និងភូមិតាប៉ាវ ដែលមានក្បាលដីសរុបចំនួន១.៨៦៣ក្បាលដី ក្នុងនោះភូមិទួលស្នួល ឃុំទួលស្នួល មានចំនួន១.៣៥០ក្បាលដី និងភូមិតាប៉ាវ ឃុំទួលស្នួល មានចំនួន៥១៣ក្បាលដី។