បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ទាំង០៧ក្រុងស្រុក ទូទាំងខេត្ត គណៈអ្នកជំងឺ០២រូប ក្នុងចំណោម០៤រូប បានជាសះស្បើយ ក្រោយយកសំណាកទៅពិនិត្យ ០២លើក លទ្ធផលអវិជ្ជមាន

បន្ទាប់ពីការផ្ទុះ រីករាលដាល ជំងឺកូវីដ១៩ នៅកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ ដោយរដ្ឋបាលក្រុងស្រុកទាំង ០៧ គ្រប់មូលដ្ឋានក្នុងខេត្ត សហការជាមួយមន្ទីរសុខាភិបាល ក៍ដូចជាមន្ត្ រីសុខាភិបាលតាមមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ស្តីពីវិធានការការពារ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ។

ការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្រុងស្រុកទាំង០៧ទូទាំងខេត្ត តាមគ្រប់មធ្យោបាយ ដោយមន្ត្រីជំនាញ សហការជាមួយ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ចុះពន្យល់ណែនាំ ពិសេសការចាក់ សារនានាតាមប្រព័ន្ធឃោសនស័ព្ទ ដោយម៉ៃក្រូ តាមរុឺម៉ក់កង់បី ក៍ដូចជាតាមម៉ូតូជាដើម។

ទោះជាការផ្សព្វផ្សាយនេះ យ៉ាងសស្រាក់ សស្រាំយ៉ាងនេះក្តី ក៍មានពលរដ្ឋបាន ឆ្លងជំងឺកូវីដ១៩ ចំនួន០៤នាក់ ។ ក្រោមការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ពិនិត្យព្យាបាល របស់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អ្នកជំងឺកូវីដ១៩ ០២រូប ក្នុងចំណោម ០៤រូប បានជាសះស្បើយក្រោយ យកសំណាកវិភាគ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួន ០២លើក ជាបន្តបន្ទាប់ ទទួលបានលទ្ធផល អវិជ្ជមាន ។

នេះបើតាមសេចក្តី ប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដែលជាដំណឹងរីករាយ សម្រាប់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំង ប្រទេសកម្ពុជា ។ ជាមួយនឹងការយកចិត្ត ទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ០៤ ទីតាំង ៖ ១ ៖ មន្ទីរពេទ្យបង្អែកពញាក្រែក ២៖មន្ទីរពេទ្យបង្អែកមេមត់ ៣៖មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ ៤៖សណ្ឋាគារឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានកោតសរសើរចំពោះកិច្ច ខិតខំប្រឹងប្រែង របស់អភិបាលក្រុងស្រុកទាង០៧ និងមន្ទីរសុខាភិបាលខេត្ត ជាពិសេសមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវ ឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹង សាប៊ូឫអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំ គ្នាក្នុងដំណាក់កាលនេះ ។

ឯកឧត្តបណ្ឌិត បញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់ មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែក ពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដាន សុខភាពខ្លួនឯង ។ ហើយប្រសិន បើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនង ទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែល នៅជិតលោកអ្នកបំផុត ៕