បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្កើតក្រុមការងារចុះពិនិត្យនៅតាមមូលដ្ឋានដល់ខ្នងផ្ទះ ចំពោះប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

(ត្បូងឃ្មុំ)៖ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ស្ដីពីការបង្កើត គណៈកម្មការ ប្រយុទ្ធប្រឆាំងជម្ងឺ COVID 19 ដើម្បីទទួលខុស ត្រូវសម្របសម្រួល ណែនាំទៅដល់ ប្រជាពលរដ្ឋ ដែលវិលត្រលប់ មកពីប្រទេសថៃ ក្នុងការបង្ការ និងទប់ស្កាត់ពីជំងឺ ដោយនៅដោយឡែក រយៈពេល 14ថ្ងៃ ។

ក្នុងនោះដែរ ក៏មានអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោកស្នងការ នគរបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោក ប្រធានមន្ទីរ / អង្គភាពពាក់ព័ន្ធ អភិបាលក្រុង / ស្រុក នាយកទីចាត់ ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំ ដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យ អោយបានហ្មត់ចត់ នៅតាមមូលដ្ឋាននីមួយៗ ពិសេសអាជ្ញាធរ ក្រុង ស្រុក ត្រូវមានការ យកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លង មកពីប្រទេសថៃថ្មីៗនេះ ត្រូវអប់រំ ផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធាន ការរបស់ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹង កន្លែង ក្នុងផ្ទះរយៈពេល ១៤ថ្ងៃ និងពង្រីកការអនុវត្ត តាមដានត្រួតពិនិត្យ ជាប្រចាំនូវជនបរទេស ដែលទើបធ្វើដំណើរ ចូលមកក្នុងខេត្តយើងនេះ ចាត់ចែងក្រុមការងារ ចុះពិនិត្យ និងតាមដាន សភាពការណ៍ តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតប ឲ្យបានទាន់ពេលវេលា បើមានប្រជាពលរដ្ឋ ណាម្នាក់មានអាការៈ មិនប្រក្រតី ពាក់ព័ន្ធនឹងរោគសញ្ញា កូវីដ១៩ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ ក្រុមការងារ ដែលទទួលខុសត្រូវ សម្របសម្រួល បងបងប្អូនប្រជាពលរដ្ឋ មកពីប្រទេសថៃ ត្រូវសហការ ជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋ ទើបមកពីប្រទេសថៃ ដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដាច់ ដោយឡែករយៈពេល ១៤ថ្ងៃ ស្របតាមនីតិវិធី កំណត់របស់ ក្រសួងសុខាភិបាល និងបង្កើនសកម្មភាព ផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការ ឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាន រៀងៗខ្លួនផងដែរ ។

សូមជម្រាបថា៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ និងបែងចែកក្រុមការងារ តាមដានយ៉ាងម៉ត់ចត់បំផុត និងបានគាំទ្រ យ៉ាងពេញទំហឹង ចំពោះមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយបានរៀបចំ កន្លែងពិនិត្យព្យាបាល អ្នកជំងឺកូវីដ១៩ ចំនួន០៤ទីតាំង ៖ ១៖មន្ទីរពេទ្យបង្អែក ពញាក្រែក ២៖មន្ទីរពេទ្យ បង្អែកមេមត់ ៣៖មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ ៤៖សណ្ឋាគារ ឆៃណាមេមត់ មាន៥០បន្ទប់ គ្រែ០២ ១២បន្ទប់ និងគ្រែ០១ ៣៨បន្ទប់ ។

នៅទូទាំងខេត្តត្បូងឃ្មុំ អ្នកមានរោគសញ្ញា សង្ស័យផ្ទុកវីរុសកូរ៉ណា មន្ត្រីសុខាភិបាល បានយកសំណាកបានចំនួន ៣១៥នាក់ ទៅកាន់វិទ្យាស្ថាប៉ាស្ទ័រ ជាលទ្ធផលក្នុងនោះ មានវិជ្ជមាន ០៤នាក់ ។ ក្រោមការពិនិត្យព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ តាមបែបវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ បានជាសះស្បើយ ហើយក៍បានអនុញ្ញាត ឲ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៍នៅតែតាម ដានសុខភាពពួកគេ ជាបន្តទៀតផងដែរ ៕