បណ្តាញសង្គម

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង១ពាន់គ្រួសារក្នុង ឃុំក្រែក ស្រុកពញាក្រែក ទទួលបានអំណោយសម្រាប់ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃនៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត់

ត្បូងឃ្មុំ ៖ ដើម្បីកាត់បន្ថយ ការចំណាយមួយកំរិត សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅគ្រាដែល ជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកល ឯកឧត្តម ជា ចំណាន ប្រធានក្រុម ការងារចុះជួយ ឃុំក្រែក ស្រុកពញាក្រែក បាននាំយក អំណោយជាគ្រឿង ឧបភោបបរិភោប និងថវិការ មួយចំនួនទៅ ប្រគល់ដល់ខ្នងផ្ទះ ។ ដែលការប្រគល់ ជូននេះបានធ្វើឡើង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បន្ទាប់ ពីជួបសំនេះ សំណាលជាមួយ និងតំណាង អាជ្ញាធរភូមិឃុំរួច ។

នៅមុនចុះចែក តាមខ្នងផ្ទះ ឯកឧត្តម ជា ចំណាន បានពាំនាំ នូវការសួសុខទុក របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯកឧត្តម វង សូត ប្រធានក្រុម ការងារចុះជួយ ស្រុកពញាក្រែក និងបានលើកឡើងថា ពេលប្រជាជន មានទុកលំបាក់ ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំ ដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ ដើម្បីដោះស្រាយ នូវបញ្ហាផ្សេងៗ ដែលកំពុង ប្រឈម ។

ជាក់ស្តែង នៅថ្ងៃនេះ ដោយមើលឃើញ ពីទុកលំបាក់ របស់ប្រជាពលរដ្ឋ ដែលក្រីក្រ និងងាយរងគ្រោះ ក្រុមការងារ បាននាំយកអំណោយ មួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះ តិចតួចមិនអាចជួយ បងប្អូនបានយូ តែវាអាចសម្រួល ជីវភាព បានមួយកំរិត ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវ សុំឲ្យបងប្អូន ទាំងអស់ចូលរួម ទប់ស្កាត់ការ រីករាលដាល់នៃ ជំងឺកូវីត១៩ ដែលជាជំងឺ សកលមួយ គ្មានថ្នាំព្យាបាលនោះទេ ហើយជំងឺ នេះគឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់បាន ។

នៅក្នុងឳកាសនោះដែរ លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានលើកថា ដោយសារ ជំងឺកូវីត១៩ នៅមិន ទាន់មាន ថ្នាំព្យាបាល និងកំពុង រីករាលដាលរាល់ថ្ងៃ ដូច្នេះ អាជ្ញាធរភូមិ / ឃុំ ត្រូវបន្តសកម្មភាព ចុះផ្សព្វផ្សាយ ជាប្រចាំដល់ បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួម ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់បាន យល់កាន់តែច្បាស់ពី គ្រោះថ្នាក់ នៃជំងឺនេះ ក្នុងនោះត្រូវ រាយការមក អាជ្ញាធរ ពាក់ព័ន្ធ នៅពេល ទទួលព័ត៌មាន ឬសង្ស័យថា មានជនណាម្នាក់ កើតជំងឺនេះ ដើម្បីឲ្យមន្រ្តី ជំនាញសុខាភិបាល ចុះមកពិនិត្យ និងយក សំណាក់របស់ ពួកគាត់ទៅពិនិត្យ ។

សូមជម្រាបថា នៅខេត្តត្បូងឃ្មុំ បានរកឃើញអ្នកផ្ទុក មេរោគ កូវីត១៩ ចំនួន៤ករណី តែពួកគាត់ បានជាសះស្បើយ និងអនុញ្ញាតិ ឲ្យវិលត្រឡប់ ទៅផ្ទះវិញអស់ហើយ ។

សូមបញ្ជាក់ថា ៖ អំណោយដែលចែកជូនដល់ បងប្អូន ប្រជាពលរដ្ឋទាំង ១៣១០គ្រួសារ ដោយ ១គ្រួសារៗ ទទួលបាន ក្រមា១ មីជាតិ ១កេះតូច ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ សាប៊ូ ១ដុំ និងថវិការចំនួន ២ម៉ឺនរៀល ។ ដោយឡែក ក្រុមការងារ បាននាំយកឧបករណ៍ វាស់កំដៅចំនួន៣៣ និងអាកុល ចំនួន ៣៣លីត្រ ចែកជូនភូមិទាំង ៣៣ នៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕