បណ្តាញសង្គម

រមណីយដ្ឋាន ហ្លួងព្រះស្តេចកន ឬ បន្ទាយព្រៃនគរ ជាសក្តានុពលរបស់ ខេត្តត្បូងឃ្មុំ ដ៏គួរទាក់ទាញ

ត្បូងឃ្មុំ៖ រមណីយដ្ឋាន ហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម មានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។

រមណីយដ្ឋាន ប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញ រាងការ៉េ ប្រវែង ២.៥០០ម. ក្នុងមួយជ្រុងៗ ។ កំពែងនេះសង់ឡើង ដោយ ដីល្បាប់ខ្សាច់់ មានកំពស់ ៥ម.ទៅ ៧ម.ទទឹង ២០ម.ទៅ២៥ម. តែត្រូវ បាក់ស្រុតមួយ ភាគធំ ។ នៅលើខ្នងទំនប់ និង សងខាងទំនប់ មាន ដាំឬស្សី យ៉ាងក្រាស់ ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានរៀបរាប់ ពីប្រវត្តិសាស្ត្រដើម យ៉ាង ក្បោះក្បាយ ឲ្យដឹងថា បន្ទាយព្រៃនគរ ជាសំណង់ប្រវត្ដិសាស្ដ្រ បង្ហាញឡើងក្នុង លក្ខណៈជា សំណង់ ឥដ្ឋ រួមមានប្រាសាទ និងទួលបុរាណ ។ ក្នុងចំណោម សំណង់ទាំងនោះមាន ប្រាសាទព្រះធាតុធំ និងព្រះធាតុតូច ។ ក្រៅពីសំណង់ ទាំងនោះត្រូវបាន ខូចខាត បាក់បែកគ្មានសល់ ។

ប្រាសាទព្រះធាតុ ធំ មានតួប៉ម ៣ សង់អំពីឥដ្ឋ ។ ក្រុមប្រាសាទនេះស្ថិត នៅក្នុងបរិវេណបន្ទាយព្រៃនគរ ហើយនៅពី ក្រោយព្រះវិហារ វត្ដព្រៃនគរ ក្នុងតែម្ដង ។ តួប៉មទាំង៣ នៃប្រាសាទ បានខូចខាតទាំងស្រុង នៅតួប៉ម មួយផ្នែកខាងជើង ហើយសព្វថ្ងៃ ត្រូវបានចាក់ ដីលុប ។ ប្រាសាទនេះមាន រាងការ៉េស្ទើរស្មើជ្រុង មានបណ្ដោយ ៦.៨ម ទទឹង ៦.៤ម ។ ប្រាសាទ តួប៉មខាងត្បូង កសាងក្នុងរជ្ជកាល ព្រះបាទ ភវរ្ម័នទី១ ក្នុងសតវត្សទី៦ ។ ក្នុងសម័យអន្ដរកាល រវាងសម័យ ហ្វូណន និងសម័យចេនឡា ។ ប្រាសាទតួប៉ម កណ្ដាល និង ខាងជើង រលំបាក់ កសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ ។

ប្រាសាទនេះ មានលក្ខណៈ ស្ថាបត្យកម្មស្រដៀងគ្នា និងប្រាសាទ ដទៃនៅ ប្រទេសខ្មែរក្នុងសតវត្សទី៩ ។ ក្រុមប្រាសាទ ព្រះធាតុ តូច ស្ថិតនៅ ក្នុងបរិវេណនៃ បន្ទាយព្រៃនគរចំងាយ ៣០០ម ពីក្រុមប្រាសាទព្រះធាតុធំ ។ ក្រុមប្រាសាទ ព្រះធាតុតូចនេះ ប្រជាជន បានហៅថា ចេតិយ៍ ៣ ឬ ព្រះធាតុ ៣ ។ ប្រាសាទនេះ មានទំហំតូចជាងប្រា សាទ ព្រះធាតុធំ ។ ប្រាសាទព្រះធាតុ មានទី តាំងស្ថិត លើទួលមាត់ត្រញំង ដែលមាន ទំហំបួន ជ្រុងទ្រវែង ។ ប្រាសាទ នេះធ្វើពីឥដ្ឋ ដែលមានសភាព ទ្រុឌទ្រោមយ៉ាងខ្លាំង ។ ប្រាសាទនេះ កសាង ឡើង នៅសម័យហ្វូណន ក្នុងរជ្ជកាល ព្រះបាទភវរ្ម័នទី១ ក្នុង សតវត្សទី៦ ។

នៅសតវត្សទី១៦ ហ្លួងព្រះស្ដេចកន បានកសាង កំពែងព្រះវិហារវត្ដ អារាមមួយក្នុង បន្ទាយក្នុង និងកសាងវត្ដមួយ ដោយយកមាសខ្មៅ សាង ព្រះពុទ្ធរូបមួយព្រះអង្គ មានព្រះព្នែន ១២ភ្នាប់ កំពស់ ២០ ភ្នាប់តំកល់ ក្នុងប្រាសាទនោះ ។ ទ្រង់តាំងព្រះនាម ព្រះពុទ្ធរូបនោះថា ព្រះអង្គខ្មៅ ហើយ តាំងនាមចៅ អធិការវត្ដនោះថា ព្រះអរិយញាណ សាគរអាប៉ា ប្រគេនរេហ៍ ពល ៥០០ នាក់ សំរាប់វត្ដ ។ ទ្រង់តាំង នាមវត្ដនោះថា វត្ដប្រាសាទ ខ្លះហៅថា វត្ដខ្មៅ ឬវត្ដព្រៃនគរក្នុង ។ ហ្លួងព្រះស្ដេចកន ត្រឡប់មក ទួលបាសានវិញប្រ កាសឱ្យរក ព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿង ព្រះបញ្ជាក្សេត្រ ដើម្បីឡើង សោយរាជ្យសម្បត្ដិ ។ រាជ ពង្សាវតា ខ្លះបានបញ្ជាក់ថា កាល ដែលព្រះអង្គ ឡើងសោយរាជ្យនោះ ហ្លួងព្រះស្ដេចកន មានព្រះជន្មាយុ ទើបតែបាន ២៩ ព្រះវស្សាហើយមាននាម សំរាប់ រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី ។

ព្រះអង្គទ្រង់ បានបញ្ជាឱ្យមេទ័ព កៅ ដែលត្រូវ ជាឪពុកមាបង្កើត ឱ្យលើកទ័ព ទៅបង្ក្រាបយកខេត្ដណា ដែលមិនទាន ចុះចូលជាមួយ ព្រះអង្គនៅឡើយ ។ លុះបានសន្ដិភាព បរិបូរណ៍ឡើងវិញហើយ ព្រះអង្គទ្រង់លើក ឪពុកមាឱ្យឡើងឋានៈ ជាស្ដេចចៅហ្វ៊ាទឡ្ហៈ ឯពួក បរិវារឯទៀត ក៏ទទួលបានយសសក្ដិ ទៅតាមគុណ បំណាច់រៀងៗខ្លួនដែរ ។ នៅគ.ស ១៥១៥ ព្រះបាទ ស្រីជេដ្ឋា ទ្រង់បានលើក រាជធានី ទៅតាំងនៅចន្លក់ដូនតី បានតែ៥ ខែ រួចលើកទៅតាំង នៅភូមិស្រឡប់ នៅទល់ ដែនខេត្ដត្បូងឃ្មុំ ស្រុកបាភ្នំរាជធានីថ្មីនេះ ជាបន្ទាយថ្មីមួយយ៉ាងមាំ ដែលព្រះអង្គ ប្រទាននាមថា ក្រុងស្រឡប់ ពិជ័យព្រៃនគរ ។

រាជពង្សាវតាខ្លះ បានបញ្ជាក់ ថាព្រះបាទ ស្រីជេដ្ឋា ទ្រង់មានចំណូល ហឬទ័យខាងបរបាញ់សត្វ ចាប់ត្រី ទតរបាំ មហោស្រពតន្ដ្រី ។ក្នុងរជ្ជកាល របស់ព្រះអង្គ មានបោះប្រាក់ស្នឹង សាច់ប្រាក់សុទ្ធ មានរូបនាគ សំរាប់ប្រើប្រាស់ ក្នុងប្រទេស ហើយមាន ប្រវត្ដិវិទូខ្លះ បានសង្កត់សេចក្ដីថា នៅសម័យនោះ អាណាប្រជានុរាស្ដ្រ បានសុខសម្បូណ៍ សប្បាយថែម ទៀតផង ។

លោកប្រធានមន្ទីរ បានបញ្ជាក់ បន្ថែមឲ្យដឹងទៀតាថា រមណីយដ្ឋានហ្លួង ព្រះស្ដេចកន បច្ចុប្បន្នត្រូវបាននឹងកំពុងដឹកនាំ អភិវឌ្ឍន៍ដោយ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ដារ ប្រព័ន្ធធារាសាស្ដ្រ ដើម្បីលើកស្ទួយ ផ្នែកកសិកម្ម និងប្រែក្លាយតំបន់នេះ ឱ្យទៅជាតំបន់ កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ ប្រវត្ដិសាស្ដ្រ និងវប្បធម៌ ដែល បង្ហាញពីការគ្រប ដណ្ដប់ពណ៌បៃតង នៃរមណីយដ្ឋាន ស្របតាម គោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលទស្សនាជាហូហែ ពិសេសនៅថ្ងៃ សៅរ៍ អាទិត្យ ចំពោះសន្តិសុខ សុវត្ថិភាពវិញ អាជ្ញាធរខេត្តថ្មី បានយកចិត្តទុកដាក់ ផ្តល់ជូនភ្ញៀវ ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ៕